ត្រាំ អះអាងពី FBI កំពុងស៊ើបអង្កេតលើករណីប្រធាន Nvidia និងស្រីស្នេហ៍ ធ្វើចារនារីចិន
S
Sinuon Nop
•
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាង អំពីការិយាល័យស៊ើបការណ៍សម្ងាត់សហព័ន្ធ ហៅកាត់ FBI កំពុងស៊ើបអង្កេត ទៅលើរឿងរ៉ាវសេ្នហា រវាងនាយកប្រតិបត្ដិនៃក្រុមហ៊ុន Nvidia និងស្ត្រី ដែលបានរងការចោទប្រកាន់ថា ជាចារនារីចិន។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ 
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ 

បណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC បានចេញផ្សាយនៅរសៀលថ្ងៃអង្គារទី១០ ខែវិច្ឆិកានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា លោកបានសន្ទនា ជាមួយលោក ជេនសេន ហួង (Jensen Huang) កាលពីថ្ងៃចន្ទ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាម៉េរិក ជឿជាក់ថា លោក ហួង គឺជាគោលដៅមួយ នៅក្នុងយុទ្ធនាការចារកម្មរបស់ប្រទេសចិន។ លោក ត្រាំ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖«ខ្ញុំបានសួរគាត់ថា៖ តើអ្នកដឹងទេ! លោកស្រី អាលីស ហួង ជាចារនារី? គាត់បានឆ្លើយថា គាត់មិនបានដឹងទាល់តែសោះថា លោកស្រី ជាចារនារីនោះឡើយ ហើយខ្ញុំពិតជាជឿលើលោក ហួង»។ រដ្ឋធានីប៉េកាំង បានបដិសេធការអះអាង ដែលថា លោក ហួង បានក្លាយជាគោលដៅមួយ ដោយក្រសួងការបរទេសចិន និងបានលើកឡើងថា ការចោទប្រកាន់ទាំងនេះ«គ្មានមូលដ្ឋានទាំងស្រុង ហើយវាជាការសន្និដ្ឋាន ដោយគ្មានភស្តុតាង និងមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងមួលបង្កាច់ មកលើប្រទេសចិន»។

លោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយកប្រតិបត្ដិក្រុមហ៊ុន Nvidia លោក ជេនសេន ហួង
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយកប្រតិបត្ដិក្រុមហ៊ុន Nvidia លោក ជេនសេន ហួង

ក្រុមហ៊ុន Nvidia បានចាត់ចែងឱ្យមានការស៊ើបអង្កេត ដោយឯករាជ្យមួយ ជុំវិញករណីពាក់ព័ន្ធនឹងលោកស្រី អាលីស ហួង (Alice Huang) ដែលបានរងការចោទប្រកាន់ ជា[ចារនារីចិន]នោះ បានបញ្ជាក់ថា ខ្លួនមិនមានហេតុផលអ្វីដែលត្រូវជឿថា អាថ៌កម្បាំងរបស់ក្រុមហ៊ុន ឬសន្តិសុខជាតិ បានរងផលប៉ះពាល់នោះឡើយ។ ក្រុមហ៊ុន Nvidia គឺជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Apple ហើយក្រុមហ៊ុននេះ ក៏ជាអ្នករចនាបន្ទះឈីបកុំព្យូទ័រ ដែលបានក្លាយជាផ្នែកស្នូលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI។ ការលាតត្រដាងព័ត៌មានបែបនេះ បានធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន បាត់បង់ប្រហែល២៥០ពាន់លានដុល្លារអាម៉េរិក កាលពីថ្ងៃចន្ទ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះជាង៤ភាគរយ។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមានថា ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI កំពុងពិនិត្យមើលលើបញ្ហានេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការស៊ើបអង្កេត ឬពេលវេលាដែលត្រូវចាប់ផ្តើមស៊ើបអង្កេតឡើយ។

ទីភ្នាក់ងារ FBI បានបដិសេធធ្វើអត្ថាធិប្បាយ ខណៈ BBC បានទាក់ទងទៅសុំសាកសួរអំពីព័ត៌មាននេះ។ បើតាមសេចក្តីរាយការណ៍របស់កាសែត New York Times បានឱ្យដឹងថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាម៉េរិក ជឿជាក់ថា លោកស្រី អាលីស ហួង ដែលមានឈ្មោះមួយទៀត គឺ ហួង ឡេ (Huang Le) ជាចារនារីឱ្យរដ្ឋធានីប៉េកាំង។ លោកស្រី មិនមានជាប់សាច់ឈាមអ្វីជាមួយលោក ជេនសេន ហួង (Jensen Huang) ប្រធាន និងនាយកប្រតិបត្ដិ ក្រុមហ៊ុន Nvidia អ្វីបន្ដិចនោះឡើយ៕

នាយកប្រតិបត្ដិក្រុមហ៊ុន Nvidia លោក ជេនសេន ហួង និងស្រីស្នេហ៍ លោកស្រី អាលីស ហួង
នាយកប្រតិបត្ដិក្រុមហ៊ុន Nvidia លោក ជេនសេន ហួង និងស្រីស្នេហ៍ លោកស្រី អាលីស ហួង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត