ភូមាស្នើសុំអាម៉េរិកវិនិយោគលើរ៉ែកម្រ ខណៈប្រទេសចិនកំពុងគ្រប់គ្រងភាគច្រើន
ហៀប ស៊ីថេត
•
4 ម៉ោងមុន

រាជធានីនៃពិដោ៖ រដ្ឋាភិបាលភូមា ដឹកនាំដោយក្រុមយោធាពាក់ស្បែកស៊ីវិល កំពុងជំរុញឱ្យសហរដ្ឋអាម៉េរិក បង្កើនកិច្ចសហប្រតិបត្តិការវិលត្រឡប់មកចូលរួមវិញ និងរួសរាន់បង្កើនការវិនិយោគលើអណ្តូងរ៉ែកម្រ នៅក្នុងប្រទេសរុំព័ទ្ធដោយវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ខណៈដែលវិស័យមួយនេះ ត្រូវបានក្រុមហ៊ុនធំៗរបស់ប្រទេសចិន កំពុងគ្រប់គ្រងភាគច្រើនរួចទៅហើយ...។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ពីផែនការមួយ ដើម្បីពង្រីកឥទ្ធិពល និងអាចទទួលបានសិទ្ធិចូលដល់ប្រភពរ៉ែកម្ររបស់ប្រទេសភូមា បន្ទាប់ពីការចរចាសម្ងាត់អស់រយៈពេលជាច្រើនខែ ជាមួយមន្ត្រីរដ្ឋាភិបាលភូមាបច្ចុប្បន្ន។ «នៅទីបំផុត សហរដ្ឋអាម៉េរិក គួរចាត់ទុកភូមាជាអាទិភាពខាងរ៉ែសំខាន់ៗ មិនមែនគ្រាន់តែជាបញ្ហាការទូតមួយផ្នែក នោះទេ។ រ៉ែកម្រ..គឺជាទីកន្លែងធម្មជាតិសម្រាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅ លូតលាស់ ព្រោះវាតភ្ជាប់សក្តានុពលសេដ្ឋកិច្ចរបស់ភូមា ទៅនឹងសន្តិសុខជាតិ និងអាទិភាពខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក»។ នេះជាការលើកឡើងរបស់ក្រុមហ៊ុនបញ្ចុះបញ្ចូលគោលនយោបាយ DCI Group ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក អះអាងថា រដ្ឋធានីវ៉ាស៊ីនតោន កំពុងលើកទឹកចិត្តភូមាឱ្យសម្រេចបានវឌ្ឍនភាព លើអាទិភាពសំខាន់ៗ រួមមានការកែលម្អបរិយាកាសប្រតិបត្តិការក្នុងស្រុក សម្រាប់ក្រុមហ៊ុនអាម៉េរិក និងការកសាងឆ្ពោះទៅរកដំណើរការសន្តិភាពពិតប្រាកដ ដែលធ្វើឱ្យប្រទេសមានស្ថិរភាព។

សូមជម្រាបថា ភូមា គឺជាប្រភពសំខាន់មួយរបស់ពិភពលោកនៃរ៉ែកម្រ ដែលភាគច្រើនត្រូវបាននាំចេញទៅចិន ដើម្បីកែច្នៃជាម៉ាញេទិកសម្រាប់រថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងផលិតផលបច្ចេកវិទ្យាខ្ពស់ផ្សេងៗ។ ចិនជាប្រទេសដែលផលិតម៉ាញេទិករ៉ែកម្រ បានប្រមាណ៩០ភាគរយនៃពិភពលោក ដោយពឹងផ្អែកលើវត្ថុធាតុដើមដែលដឹកចូលពីភូមា កាលពីពេលថ្មីៗនេះ ដែលបានរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋលើវិស័យរ៉ែ។ ចិនបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការកសាងចាក់គ្រឹះជំហររបស់ខ្លួននៅក្នុងវិស័យធនធានរបស់ភូមា ហើយក្រុមហ៊ុន និងអន្តរការីរបស់ចិន មានអត្ថប្រយោជន៍ដែលមិនងាយនឹងត្រូវជំនួសបានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត