ស្នាដៃសិល្បៈខ្មែរ ត្រូវបានដាក់តាំងរួមជាមួយវត្ថុសិល្បៈល្បីៗលើពិភពលោកនៅអូស្ត្រាលី
អុន សម្ផស្ស
2 ម៉ោងមុន

អូស្ត្រាលី៖ ពិព័រណ៍ «Avatar: Forms of Vishnu» បើកទ្វារឱ្យកម្ពុជា បង្ហាញសម្បត្តិវប្បធម៌ខ្មែរនៅលើទឹកដីប្រទេសអូស្ត្រាលី រួមជាមួយវត្ថុសិល្បៈល្បីៗជាច្រើន។ រដ្ឋលេខាធិការក្រសួងវប្បធម៌កម្ពុជា លោក ប្រាក់ សុណ្ណារ៉ា បានដឹកនាំប្រតិភូចូលរួម ពិធីសម្ពោធការតាំងពិព័រណ៍រូបចម្លាក់ខ្មែរ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦..។

ក្រសួងវប្បធម៌ ប្រកាសថា ការតាំងពិព័រណ៍មានចំណងជើងថា «Avatar: Forms of Vishnu» រៀបចំឡើងនៅវិចិត្រសាលសិល្បៈ Art Gallery of New South Wales ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មានរយៈពេលសរុបដល់ទៅ៤ខែ។ ពិព័រណ៍នេះ បង្ហាញស្នាដៃសិល្បៈប្រមាណ២០០វត្ថុមកពីសារមន្ទីរ និងវិចិត្រសាលល្បីៗជុំវិញពិភពលោក។ ក្នុងនោះ កម្ពុជា បាននាំយកវត្ថុសិល្បៈចំនួន៩ មកដាក់តាំងបង្ហាញរួមមាន៖ រូបចម្លាក់ថ្មចំនួន៥ រូបចម្លាក់សំរឹទ្ធិចំនួន១ និងគំនូរចំនួន៣ផ្ទាំង ដែលសុទ្ធសឹងជាស្នាដៃបង្ហាញពីទម្រង់អវតា(Avatar) របស់ព្រះវិស្ណុក្នុងសិល្បៈសម័យមុនអង្គរ សម័យអង្គរ និងក្រោយអង្គរ។ ពិព័រណ៍នេះ មានគោលបំណងបង្ហាញពីការវិវឌ្ឍនៃការគោរពបូជាព្រះវិស្ណុ និងឥទ្ធិពលសិល្បៈសាសនាហិណ្ឌូក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ តាមរយៈស្នាដៃសិល្បៈដ៏កម្រជាច្រើនសតវត្សរ៍។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលរូបចម្លាក់ខ្មែរ ត្រូវបានយកទៅតាំងពិព័រណ៍នៅប្រទេសអូស្ត្រាលី ប៉ុន្តែសម្រាប់រយៈពេលប្រមាណ៥ឆ្នាំចុងក្រោយការតាំងពិព័រណ៍ «Avatar: Forms of Vishnu» គឺជាលើកដំបូងដែលមានការនាំយកវត្ថុបុរាណ និងរូបចម្លាក់ខ្មែរ ទៅដាក់តាំងបង្ហាញជាផ្លូវការនៅប្រទេសអូស្ត្រាលី។ ការចូលរួមក្នុងពិព័រណ៍អន្តរជាតិនេះ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយមរតកវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងតម្លៃសម្បត្តិបេតិកភណ្ឌជាតិរបស់កម្ពុជាលើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត