ប្រមុខការពារជាតិកម្ពុជា នឹងបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅអូស្ត្រាលី
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦..។

ក្រសួងការពារជាតិ បញ្ជាក់ថា ទស្សនកិច្ចផ្លូវការលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រីឆាត ម៉ាឡេស (Richard Marles) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី។ តាមការគ្រោងទុក អំឡុងទស្សនកិច្ចប្រមុខការពារជាតិកម្ពុជា-អូស្ត្រាលី នឹងជួបប្រជុំទ្វេភាគី។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងជួបពិភាក្សាការងារជាមួយមេបញ្ជាការប្រភេទទ័ពមួយចំនួនរបស់អូស្ត្រាលី។ ក្រៅពីនេះ ក្រុមការងារជំនាញនៃក្រសួងការពារជាតិទាំងពីរ ក៏នឹងមានកិច្ចប្រជុំតុមូល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខផងដែរ។ ប្រធានបទសំខាន់ៗដែលភាគីទាំងពីរគ្រោងនឹងពិភាក្សា រួមមាន៖ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី សន្តិសុខដែនសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការចែករំលែកព័ត៌មាន ការអប់រំ និងបណ្ដុះបណ្ដាលយោធិនអាជីព ការអភិវឌ្ឍគោលនយោបាយការពារជាតិ ព្រមទាំងបញ្ហាសន្តិសុខក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា   
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា   

ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងយោធា ដែលកំពុងមានការរីកចម្រើនជាបន្តបន្ទាប់។ ការពង្រឹងទំនាក់ទំនងទ្វេភាគីនេះ ក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានទៅកម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» (Comprehensive Partnership) នាពេលខាងមុខ៕

លោកឧបនាយករដ្ឋមន្ត្រី Richard Marles  រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីខែមីនាឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្ត្រី Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីខែមីនាឆ្នាំ២០២៦។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត