អូស្ត្រាលីប្ដេជ្ញាសហការជិតស្និទ្ធជាមួយកម្ពុជា និងទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនលើវិស័យសំខាន់ៗ
S
Soriya Sou
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តទាក់ទាញធុរជនពីប្រទេសអូស្ត្រាលី ចុះមកសិក្សាលទ្ធភាព ដើម្បីសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ នេះជាប្រសាស៍លោកស្រី ខារ៉ុល ហូលម៉េស (Carol Holmes) ប្រធានការិយាល័យទទួលបន្ទុកកិច្ចការកម្ពុជា និងវៀតណាមនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី…។

កាលពីរសៀលថ្ងៃទី២០ឧសភា ឆ្នាំ២០២៦ លោកស្រី ខារ៉ុល ហូលម៉េស បានអញ្ជើញជួបជាមួយលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិភាក្សាគ្នាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលី មកកម្ពុជា។ លោក លឹម វិសាល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី ជាពិសេស ការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទន្ទឹមគ្នា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីការវិវត្តជាវិជ្ជមាននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្ម ដែលនឹងជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លោកលើកទឹកចិត្តដល់ភាគីមិត្តក្នុងការបន្តជំរុញ និងទាក់ទាញវិនិយោគិនអូស្ត្រាលីមកបណ្តាក់ទុនបន្ថែមទៀត លើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងសកម្មភាពវិនិយោគដែលផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ លោកស្រី ខារ៉ុល ហូលម៉េស ឆ្លើយតបភ្លាមៗ ដោយកោតសរសើរចំពោះភាពរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងអះអាងថា រដ្ឋាភិបាលអូស្ត្រាលីប្ដេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញ និងទាក់ទាញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាពិសេស លើវិស័យដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, សុខាភិបាល, និងការអភិវឌ្ឍធនធានធម្មជាតិ។ល។

​​​លោក លឹម វិសាល បានថ្លែងអំណរគុណ និងបានជម្រាបលោកស្រី ខារ៉ុល ហូលម៉េស ពីលក្ខណៈពិសេសនៃរបបវិនិយោគកម្ពុជា ដែលផ្តល់នូវការសម្របសម្រួលប្រកបដោយភាពបត់បែន, ការលើកទឹកចិត្តដែលមានភាពទាក់ទាញ, និងការគាំពារយ៉ាងរឹងមាំដល់វិនិយោគិនដោយគ្មានការរើសអើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត