កម្ពុជា ចាត់ទុកអូស្ត្រាលីជាដៃគូដ៏សំខាន់ ទាំងពាណិជ្ជកម្ម និងការអភិវឌ្ឍ
S
Soriya Sou
28 មករា 2026 04:00 PM

រាជធានីភ្នំពេញ៖ កម្ពុជា-អូស្ត្រាលី បានចាប់ផ្ដើមទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២ ដែលឆ្លុះបញ្ចាំងពីការគាំទ្រយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះអធិបតេយ្យភាព និងដំណើរការកសាងជាតិកម្ពុជា ទោះបីជាស្ថានការណ៍តំបន់ និងសកលលោកមានការផ្លាស់ប្ដូរក៏ដោយ…។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-អូស្ត្រាលី ស្ទើរគ្រប់វិស័យបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក អះអាងថា ប្រទេសអូស្ត្រាលី ជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ៦០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ លោកជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនេះ នឹងបន្តកើនឡើងជាលំដាប់។ លោក វង្សី វិស្សុត ថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦ នៅស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី២៧មករា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី 
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី 

ក្រៅពីដៃគូពាណិជ្ជកម្ម អូស្ត្រាលីក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់និងទុកចិត្តបានរបស់កម្ពុជា។ រាប់ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០មក អូស្ត្រាលីបានផ្តល់ជំនួយជាថវិកាប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ឬ២ប៊ីលានដុល្លារអូស្ត្រាលីដល់កម្ពុជា ដែលភាគច្រើនផ្ដោតលើការកសាងមូលធនមនុស្ស។ ឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្ថែមថា ផែនការភាពជាដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩ ក៏ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នារបស់ប្រទេសទាំងពីរក្នុងការបន្តអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមស្មារតីនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

លោក វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេស ចំពោះជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋភៀសសឹក កាលពីពេលថ្មីៗនេះ។ លោកកោតសរសើរចំពោះ លោក ដឺរីក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ក៏ដូចជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា។  
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា។  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត