
ក្រុងសិរីសោភ័ណ៖ កម្មវិធីជំរុញចលនាដើម្បីភាពបៃតង និងការអភិវឌ្ឍសហគមន៍នៅតាមព្រំដែន បានឈានទៅមុខមួយជំហានទៀត តាមរយៈការផ្ដល់ជូនកូនឈើចម្រុះសរុបចំនួន៣០០០ដើមពីសំណាក់ក្រសួងបរិស្ថាន ជូនដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីដាំនៅទំនប់ ប្រឡាយ តាមផ្លូវ និងតាមលំនៅឋានក្នុងភូមិរង់ចាំ ដែលជាទីជម្រកបណ្ដោះអាសន្នរបស់ប្អូនជនភៀសសឹករងគ្រោះព្រោះថៃឈ្លានពាន ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ...។

កូនឈើចម្រុះទាំងនោះ រួមមាន៖ ដើមអំពិលទឹកបារាំង, ដើមក្រញូង, ក្ងោក, និងដើមអូញម៉ូញ ជាដើម។ ពិធីប្រគល់ និងដាំកូនឈើនេះ ត្រូវបានប្រព្រឹត្តទៅនៅក្នុង«ភូមិរង់ចាំ» ដែលជាភូមិសាស្ត្រនៃជនភៀសសឹកតាមបណ្តោយព្រំដែន ស្ថិតក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមសហការពីមន្រ្តីក្រសួងធនធានទឹក និងសម្របសម្រួលពីរដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកស្វាយចេក មន្ទីរបរិស្ថានខេត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍។ តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងជាអភិបាលរងស្រុកស្វាយចេក លោក សុខ លី មានប្រសាសន៍ថា សកម្មភាពនាំយកកូនឈើ៣០០០ពាន់ដើមមកដាំនៅក្នុងភូមិរង់ចាំ ទទួលបានការអបអរសាទរ និងដឹងគុណយ៉ាងខ្លាំងពីអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រោះវាបានរួមចំណែកប្រែក្លាយតំបន់រស់នៅថ្មីនេះ ឱ្យមានភាពបៃតង ស្រស់បំព្រង និងមានបរិស្ថានរស់នៅល្អប្រសើរ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាំកូនឈើចម្រុះចំនួន៣០០០ដើមនាពេលនេះ មានគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖ ១.ការបង្កើនគម្របបៃតង ដែលជាផ្នែកមួយនៃខែលការពារធម្មជាតិជួយស្រូបឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់របស់សហគមន៍ប្រឆាំងនឹងបាតុភូតធម្មជាតិនានា។ ២.គាំទ្រដល់ជីវភាពពលរដ្ឋ តាមរយៈការជំរុញឱ្យមានការដាំដំណាំ ដើមឈើនៅតាមគេហដ្ឋាន ដើម្បីជួយលើកកម្ពស់សន្តិសុខស្បៀង និងកាត់បន្ថយការចំណាយ។ ៣.គាំទ្រសហគមន៍មូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពបរិស្ថាន ផ្តល់ជាម្លប់ និងសម្រួលដល់លក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងតាំងទីលំនៅ និងរស់នៅក្នុង «ភូមិរង់ចាំ» ឱ្យកាន់តែមានភាពប្រសើរឡើង និងប្រកបដោយចីរភាព។

អ្នកនាំពាក្យរូបនេះអះអាងបន្ថែមថា ព្រឹត្តិការណ៍នាថ្ងៃនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់រវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការអភិវឌ្ឍតំបន់ព្រំដែន មិនត្រឹមតែលើផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការកសាង «របងបៃតង» ដ៏រឹងមាំសម្រាប់ការពារបរិស្ថាន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕






