
រាជធានីភ្នំពេញ៖ តាមរយៈកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» កាលពីរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាការពារបរិស្ថាន និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសត្វព្រៃខុសច្បាប់...។

ក្នុងឱកាសថ្លែងសារគន្លឹះសំខាន់ៗដើម្បីបំផុសស្មារតីស្រឡាញ់ និងការពារធនធានធម្មជាតិនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព លោក ខ្វៃ អាទិត្យា បានអំពាវនាវនិងលើកទឹកចិត្តយ៉ាងមុតមាំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន និងសហគមន៍ដែលជាកម្លាំងចលករ ឱ្យចូលរួមប្រឡូកក្នុងចលនាគិតគូរពីបរិស្ថាន តាមរយៈសកម្មភាពស្នូលសំខាន់ៗ ដើម្បីភាពស្អាតដោយទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋាន និងលើកកម្ពស់សុខភាព។ លោកក៏បានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមថែរក្សាប្រភពទឹក ក៏ដូចជាខ្យល់អាកាសបរិសុទ្ធ និងការដាំដើមឈើឱ្យបានច្រើន ជួយបង្កើនគម្របបៃតង ស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន និងដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នា អ្នកនាំពាក្យបរិស្ថានក៏បានសង្កត់ធ្ងន់ និងលើកឡើងចំៗពីបញ្ហាសត្វព្រៃ ដោយបានព្រមានថា ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការបង្ហាញពីសត្វព្រៃក្នុងរូបភាពផ្សេងៗដែលមិនមានការអនុញ្ញាត គឺជារឿងខុសច្បាប់។ លោកពន្យល់ថា សកម្មភាពផ្សព្វផ្សាយទាំងនោះ គឺជាការជំរុញ និងលើកទឹកចិត្តដោយប្រយោលឱ្យមានការបរបាញ់ ការទាក់ចាប់ និងការជួញដូរសត្វព្រៃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងការងារអភិរក្សធនធានធម្មជាតិ។ ការការពារធម្មជាតិ និងសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ យុវជន និងសហគមន៍មូលដ្ឋាន ដើម្បីបន្សល់ទុកនូវមរតកធម្មជាតិដ៏មានតម្លៃនេះសម្រាប់កូនចៅជំនាន់ក្រោយ៕




