
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា ទទួលបានជំនួយមូលនិធិអន្តរជាតិសរុបចំនួន១,៦លានដុល្លារ ក្នុងអំឡុងពេលចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) ឆ្នាំ២០២៦ សម្រាប់ពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះ ជំរុញភាពស្អាត និងភាពបៃតង...។

ក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃទី២៩តុលា ម្សិលមិញថា នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី កម្ពុជាទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយទទួលបានការគាំទ្រមូលនិធិពីសហគមន៍អន្តរជាតិ ចំនួន៦២៩ ៤៧៥ដុល្លារសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះជាតិ នៅក្នុងប្រទេស។ មុននេះ១ថ្ងៃ ក្នុងសន្និសីទដដែល កម្ពុជាក៏ទើបតែទទួលបានការគាំទ្រមូលនិធិចំនួន១លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ ធ្វើឱ្យជំនួយដែលកម្ពុជាទទួលបានពីសហគមន៍អន្តរជាតិ មានចំនួនសរុប១,៦លានដុល្លារអាម៉េរិក។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានថ្លែងសន្ទរកថាគន្លឹះ ក្នុងសន្និសីទខាងលើពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងចូលរួមយ៉ាងសកម្មក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិជាតិក្នុងវិស័យបរិស្ថាន ដើម្បីដោះស្រាយបញ្ហាសកល។ លោកបានលើកឡើងថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាតួអង្គឈានមុខមួយ ក្នុងការចូលរួមដោះស្រាយបញ្ហាសាកលនេះ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខ គម្រោងនេះ នឹងគាំទ្របន្ថែមទៀតក្នុងការការពារបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតងប្រកបដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕




