
រាជធានីភ្នំពេញ៖ «កម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ ក្រោមការគាំទ្រថវិកាប្រមាណ៤លានដុល្លារអាម៉េរិក ពីសម្ព័ន្ធអាកាសធាតុ និងខ្យល់ស្អាត (CCAC) សម្រាប់អនុវត្តក្នុងរយៈពេល៣ឆ្នាំ(២០២៦-២០២៨)...។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នឹងមានការចូលរួមពីលោកស្រី ខាតាលីណា អ៊ីតឈើវើរី (Catalina Etcheverry) អ្នកគ្រប់គ្រងកម្មវិធីនៃសម្ព័ន្ធអាកាសធាតុ និងខ្យល់ស្អាត (CCAC) និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្មវិធីពន្លឿនការកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់នេះ រៀបចំឡើងដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងអាទិភាពជាតិ និងស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨»។ កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការកែលម្អគុណភាពខ្យល់ និងការកាត់បន្ថយសារធាតុបំពុលខ្យល់កម្រិតខ្ពស់ ដូចជា៖ ឧស្ម័នមេតាន, កាបូនខ្មៅ, និងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន HFCs ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

អ្នកគ្រប់គ្រងកម្មវិធីនៃសម្ព័ន្ធអាកាសធាតុ និងខ្យល់ស្អាត លោកស្រី ខាតាលីណា អ៊ីតឈើវើរី បានសង្កត់ធ្ងន់ថា កម្មវិធីនេះ មានសារសំខាន់ក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ និងការបំពុលអាកាសធាតុនៅកម្ពុជា។ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃសារធាតុពុលក្នុងខ្យល់ ដើម្បីជួយការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ CCAC ក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រខ្យល់ស្អាត និងវិធានការប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់សាធារណៈ។

សូមជម្រាបថា កម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា គឺជាលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការគាំទ្រពីសហគមន៍អន្តរជាតិ ឈានដល់ការអនុម័តជាផ្លូវការនៅក្នុងសន្និសីទកំពូលលើកទី៣០ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Belém ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០២៥៕



