
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា ស្តីពី«ការទុកដាក់ និងញែកសំណល់ប្លាស្ទិក នៅតាមគ្រឹះស្ថានសិក្សា»។ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នា ដែលបានធ្វើឡើងកាលពីថ្ងៃទី២១តុលា មានគោលបំណងបណ្ដុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ចាប់ផ្តើមចេញពីសាលារៀន ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយដែលមានសំណល់សូន្យ (Zero Waste)...។

លោកបន្ថែមថា ដំណើរជាជំហានៗឆ្ពោះទៅទស្សនវិស័យខាងលើ បានសម្រេចលទ្ធផលជាបណ្តើរៗ ជាក់ស្ដែង ការដាក់ចេញយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានប្រជាជនជាង១៤លាននាក់ បានចូលរួម។ លោកថា ស្តែងចេញពីកិច្ចសហប្រតិបត្តិថ្ងៃនេះ កម្ពុជានឹងឆ្ពោះទៅគោលដៅ ជាប្រទេសសំណល់សូន្យ ដោយពង្រីកការចែកធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីបង្រៀនសិស្សានុសិស្សឱ្យចេះទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ និងការរៀបចំឱ្យមានទីលានទុកដាក់សំរាម សំណល់រឹង ដើម្បីកែច្នៃ និងទាញយកថាមពលពីសំណល់ ក៏ដូចជាការបន្តដាំដើមឈើ និងបន្តផ្ដល់ជូនកូនឈើប្រមាណពី៥ ទៅ១០លានដើម ក្នុងមួយឆ្នាំ ដើម្បីធានាបាននូវបរិស្ថានស្អាត និងគ្មានសំណល់ នាពេលអនាគត។

លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅកម្ពុជា មានភាពស្អាត តាមរយៈយុទ្ធនាការឈានទៅរកការកាត់បន្ថយសំណល់សូន្យ។ លោកបានផ្តល់ការណែនាំដល់បុគ្គលិកសិក្សា និងនាយកសាលាទាំងអស់ សូមធ្វើការបញ្ជ្រាបកម្មវិធីអប់រំបរិស្ថាន ស្តីពីការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងសាលារៀន និងអប់រំសិស្សានុសិស្ស ឱ្យចេះទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជំរុញការចូលរួមប្រឡងប្រណាំងក្នុងចលនា «សាលារៀនស្អាត» ដើម្បីបង្កើតបរិយាកាសសិក្សាស្រស់បំព្រង និងមានអនាម័យ។ កិច្ចសហការរវាងក្រសួងទាំងពីរ នឹងជួយជំរុញការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិក និងបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយនៅកម្ពុជា ឱ្យមានមនសិកាខ្ពស់ចំពោះបរិស្ថាន៕




