កម្ពុជាបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ ចំនួន៥ពាន់នាក់
អ
អុន សម្ផស្ស
•
7 ម៉ោងមុន

ក្រុងច្បារមន៖ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តការបំពេញកាតព្វកិច្ចយោធាជាផ្លូវការ នៅឆ្នាំ២០២៦ ដោយជ្រើសរើសយុវជនខ្មែរភេទប្រុសចំនួន៥០០០នាក់ សម្រាប់វគ្គហ្វឹកហ្វឺនដំបូង ក្នុងចំណោមផែនការជ្រើសរើសយោធិនកាតព្វកិច្ចសរុប១០០០០នាក់ នៅឆ្នាំ២០២៦។ មេដឹកនាំកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១នេះ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

ក្រសួងព័ត៌មាន ប្រកាសដោយយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាថា គិតចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការបានទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្តបានចំនួន ១៤៦៤៦នាក់ ក្នុងនោះ មានស្ត្រីចំនួន ២៤១៧នាក់។ ដោយផ្អែកលើតម្រូវការរបស់កងយោធពលខេមរភូមិន្ទ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសយុវជនភេទប្រុសចំនួន ១០០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ ក្នុងមួយវគ្គមានចំនួន៥០០០នាក់។ សម្រាប់វគ្គដំបូង គណៈកម្មាធិការជាតិបានសម្រេចជ្រើសរើសបេក្ខជនចំនួន ៥០០០នាក់។ ចំពោះយុវជនដែលត្រូវបានជ្រើសរើស បានប្រមូលផ្តុំ និងធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនទាំង៨ កាលពីថ្ងៃទី៤វិច្ឆិកា ដើម្បីឆ្លងកាត់ការពិនិត្យសុខភាព និងកាយសម្បទា ដោយមានការគាំទ្រពីក្រសួងសុខាភិបាល។

ចំពោះកម្មវិធីហ្វឹកហ្វឺន យោធិនកាតព្វកិច្ចនឹងត្រូវហ្វឹកហ្វឺនរួម រយៈពេល៣ខែ ស្មើនឹង៩១ថ្ងៃ ដោយក្នុងមួយសប្តាហ៍ហ្វឹកហ្វឺន៦ថ្ងៃ និងមួយថ្ងៃ៧ម៉ោង។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺន យោធិនទាំងនេះ នឹងចូលរួមបំពេញការងារជាក់ស្តែងនៅតាមកងឯកភាពនៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នា រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈគាំទ្រដល់យោធិនកាតព្វកិច្ចទាំង ៥០០០នាក់ រួមមាន៖ ថវិកាសម្រាប់របបអាហារប្រចាំថ្ងៃ អាហារបំប៉នពេលហ្វឹកហ្វឺន សម្ភារសិក្សា និងយោធបរិក្ខារចំនួន១៤មុខ ព្រមទាំងអង្ករចំនួន១១៤តោនសម្រាប់រយៈពេលមួយខែដំបូង។ ដោយឡែក បញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលជាទីតាំងប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺននេះ បានត្រៀមសមត្ថភាពទទួលយុវជនចំនួន១៥០០នាក់ ដោយបានរៀបចំអគារស្នាក់នៅ អគារសិក្សា រោងបាយ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ព្រមទាំងសម្ភារសម្រាប់ការហ្វឹកហ្វឺន។ ការចាប់ផ្តើមវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ នេះ គឺជាដំណាក់កាលដំបូងនៃការអនុវត្តគោលនយោបាយកាតព្វកិច្ចយោធារបស់កម្ពុជា ដោយមានការរៀបចំយន្តការគ្រប់គ្រង ការចុះឈ្មោះ ការជ្រើសរើស ការពិនិត្យសុខភាព និងការហ្វឹកហ្វឺន ដើម្បីត្រៀមបំពេញតម្រូវការក្នុងជួរកងយោធពលខេមរភូមិន្ទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត