
ខេត្តមណ្ឌលគិរី៖ ពីមុន ការកំណត់អត្តសញ្ញាណឈើដែលត្រូវបានកែច្នៃ បកសំបក ឬលាក់បាំងប្រភពដើម អាចជាបញ្ហាប្រឈមសម្រាប់មន្ត្រីអនុវត្តច្បាប់។ ប៉ុន្តែជាមួយនឹងការនាំយកបច្ចេកវិទ្យាកោសល្យវិច័យឈើចល័តមកប្រើប្រាស់ មន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី កំពុងទទួលបានសមត្ថភាពថ្មីក្នុងការស្វែងរកអត្តសញ្ញាណឈើ និងពង្រឹងការស៊ើបអង្កេតបទល្មើសព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាព..។

ក្រសួងបរិស្ថានប្រកាសនៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា តាមរយៈវគ្គបណ្ដុះបណ្ដាលស្តីពី «ការស៊ើបអង្កេតបទល្មើសដឹកជញ្ជូនឈើ និងការប្រើប្រាស់ឧបករណ៍កោសល្យវិច័យឈើចល័ត» មន្ត្រីជួរមុខបានទទួលចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រដើម្បីពិនិត្យ និងកំណត់អត្តសញ្ញាណប្រភេទឈើ ព្រមទាំងស្វែងរកព័ត៌មានអំពីប្រភពដើមរបស់ឈើដែលអាចជាប់ពាក់ព័ន្ធនឹងបទល្មើស។ អ្វីដែលធ្វើឱ្យបច្ចេកវិទ្យានេះ មានសារសំខាន់ គឺសមត្ថភាពជួយកំណត់អត្តសញ្ញាណឈើតាមវិធីសាស្ដ្រវិទ្យាសាស្ត្រ ដែលអាចជួយដោះស្រាយការលំបាកក្នុងការពិនិត្យឈើដែលត្រូវបានកែច្នៃ ឬបិទបាំងលក្ខណៈខាងក្រៅ។ លទ្ធផលនៃការវិភាគអាចផ្តល់ព័ត៌មានសំខាន់ៗសម្រាប់ការស៊ើបអង្កេត និងការស្វែងរកភស្តុតាងពាក់ព័ន្ធនឹងការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់។

លោក ប៉ែត ភក្ត្រា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានបង្ហាញការគាំទ្រចំពោះការបណ្ដុះបណ្ដាលនេះ ដោយចាត់ទុកថា ជាការពង្រឹងសមត្ថភាពដ៏សំខាន់សម្រាប់មន្ត្រីឧទ្យានុរក្សក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសជួញដូរឈើឆ្លងដែន។ លោកបានលើកឡើងថា ជំនាញកោសល្យវិច័យឈើនឹងជួយឱ្យមន្ត្រីមានចំណេះដឹងច្បាស់លាស់ក្នុងការប្រមូល និងវិភាគទិន្នន័យ ដើម្បីបម្រើដល់ការគ្រប់គ្រងធនធានធម្មជាតិ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ ក្រៅពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសជាក់ស្តែង រួមមាន៖ ការតាមដានខ្សែសង្វាក់ដឹកជញ្ជូនឈើ ការប្រមូលព័ត៌មាន ការគ្រប់គ្រងកន្លែងកើតហេតុ និងការប្រមូលរក្សាទុកភស្តុតាងតាមនីតិវិធីបច្ចេកទេស ដើម្បីធានាថា ភស្តុតាងអាចត្រូវបានប្រើប្រាស់ក្នុងដំណើរការផ្លូវច្បាប់។

ក្រសួងបរិស្ថានបញ្ជាក់ថា ការបន្ថែមសមត្ថភាពកោសល្យវិច័យឈើចល័តនេះ ក៏ជាការបំពេញបន្ថែមលើប្រព័ន្ធល្បាត និងតាមដាន SMART ដែលដែនជម្រកសត្វព្រៃកែវសីមាបានប្រើប្រាស់រួចមកហើយ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា ទិន្នន័យ និងជំនាញស៊ើបអង្កេត នឹងជួយឱ្យការការពារព្រៃឈើមានមូលដ្ឋានវិទ្យាសាស្ត្រកាន់តែរឹងមាំ។ មិនត្រឹមតែជាការពង្រឹងការអនុវត្តច្បាប់ប៉ុណ្ណោះទេ ការការពារព្រៃឈើនៅកែវសីមា ក៏មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយគម្រោងរេដបូក (REDD+) ដែលមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការកាប់បំផ្លាញ និងការរិចរិលព្រៃឈើ ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន៕






