លោក វង្សី វិស្សុត ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ទាក់ទាញភ្ញៀវទេសចរបង្កើតចំណូលបន្ថែម
S
Soriya Sou
•
11 ម៉ោងមុន

ក្រុងស្ទឹងសែន៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុក ឱ្យក្លាយជាផលិតផលទេសចរណ៍ ដែលមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន...។

ក្នុងដំណើរចុះពិនិត្យទីតាំងសិប្បកម្មចម្លាក់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានជួបសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម ព្រមទាំងណែនាំឱ្យរៀបចំបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីប្រមូលផ្តុំអ្នកប្រកបរបរចម្លាក់ក្នុងតំបន់ឱ្យមានការសហការគ្នាក្នុងការអភិវឌ្ឍផលិតផល កែលម្អគុណភាព និងពង្រីកឱកាសទីផ្សារ ព្រមទាំងផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ខ្មែរ។ លោកបានសង្កត់ធ្ងន់ថា ការបង្កើតសហគមន៍ចម្លាក់នេះ ត្រូវបានរំពឹងថា នឹងជួយឱ្យខេត្តកំពង់ធំកាន់តែមានភាពទាក់ទាញ តាមរយៈការភ្ជាប់សិប្បកម្មក្នុងស្រុកជាមួយសកម្មភាពទេសចរណ៍ ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាស្វែងយល់ពីស្នាដៃចម្លាក់ និងសក្តានុពលសិប្បកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រមទាំងអាចក្លាយជាផលិតផលសេដ្ឋកិច្ចមូលដ្ឋានមួយដ៏មានសក្តានុពលរបស់ខេត្តកំពង់ធំ។ វាមិនត្រឹមតែជួយផ្សព្វផ្សាយស្នាដៃសិប្បករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមតាមរយៈការលក់ផលិតផលវត្ថុអនុស្សាវរីយ៍ និងការផ្ដល់សេវាកម្មពាក់ព័ន្ធផ្សេងទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឱ្យមានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញចម្លាក់ដែលជាជំនាញដូនតាដល់ជាងចម្លាក់ក៏ដូចជាដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាពផលិត បង្កើនគុណភាពស្នាដៃ និងផលិតផលឱ្យកាន់តែប្រសើរថែមទៀត។ លោកបន្ថែមថា ការបណ្ដុះបណ្ដាលនេះ ក៏គួររួមបញ្ចូលជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីឱ្យម្ចាស់សិប្បកម្មមានសមត្ថភាពរៀបចំផលិតកម្ម គ្រប់គ្រងការចំណាយ ស្វែងរកទីផ្សារ និងបង្កើនប្រសិទ្ធភាពក្នុងការប្រកបអាជីវកម្ម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត