
រាជធានីភ្នំពេញ៖ កាលពីខែតុលា ឆ្នាំ២០២៦ កម្ពុជាសម្រេចបានការចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ២៤៦លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគទាំង៣៧ បានបោះទុនលើវិស័យសំខាន់ៗចំនួន៤នៅកម្ពុជា ដែលអាចបង្កើតការងារបានប្រមាណ១៩ពាន់កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍ដដែល បានឱ្យដឹងថា ក្នុងចំណោមវិស័យទាំង៤ គឺវិស័យឧស្សាហកម្ម នៅតែខ្លាំងជាងគេដោយអាចទាញយកទុនវិនិយោគបាន១៧៩លានដុល្លារអាម៉េរិក បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ បានទុនវិនិយោគ៤២លានដុល្លារអាម៉េរិក, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម២០លានដុល្លារអាម៉េរិក និងវិស័យទេសចរណ៍៥លានដុល្លារអាម៉េរិក។ មិនមែនតែក្នុងខែតុលា ប៉ុន្តែក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៦ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូលក្នុងការទាក់ទាញវិនិយោគ ខណៈការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនា-សម្ព័ន្ធ នៅតែបន្តរួមចំណែកដល់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា។

សូមជម្រាបថា ក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ខាងលើ ខេត្តកំពង់ស្ពឺ ទទួលបាន៨គម្រោង, កណ្ដាល៦គម្រោង, ព្រះសីហនុ ៦គម្រោង, ស្វាយរៀង៤គម្រោង, កោះកុង៣គម្រោង, កំពត ២គម្រោង, រាជធានីភ្នំពេញ ២គម្រោង, ត្បូងឃ្មុំ២គម្រោង, តាកែវ ១គម្រោង, កំពង់ចាម១គម្រោង, សៀមរាប១គម្រោង និងព្រៃវែង ១គម្រោង។ បន្ទាប់ពីធ្លាប់ទៅលេខរៀងទី២អស់រយៈពេលប៉ុន្មានខែ ក្នុងខែតុលា វិនិយោគិនចិនបានមកឈរនៅលេខរៀងទី១វិញ ដែលបានបណ្ដាក់ទុននៅកម្ពុជាច្រើនជាងគេ៕




