
រាជធានីភ្នំពេញ៖ កាលពីខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤៧០លានដុល្លារអាម៉េរិក…។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ មាន២៣គម្រោងត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤៣៥លានដុល្លារអាម៉េរិក ចំណែក១៣គម្រោងទៀត ត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) ក្នុងទំហំទុនវិនិយោគប្រមាណ៣៥លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគសរុបទាំង៣៦នេះ អាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ១៧ពាន់កន្លែង។ នេះបើតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

វិនិយោគិនកម្ពុជា បានឈរនៅលេខរៀងទី១ ដែលបានបណ្ដាក់ទុនច្រើនជាងគេ។ បន្ទាប់មក..គឺមកពីប្រទេសចិន, ម៉ាឡេស៊ី, វៀតណាម, សាធារណរដ្ឋកូរ៉េ និងជប៉ុន។ ជាការកត់សម្គាល់ សកម្មភាពវិនិយោគក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។ សញ្ញាណនេះ បង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងបង្ហាញពីការជឿទុកចិត្តពីសំណាក់ វិនិយោគិនលើបរិស្ថានវិនិយោគនៅកម្ពុជា៕



