
រាជធានីភ្នំពេញ៖ ក្រុមអ្នកជំនួញបរទេសជាបន្តបន្ទាប់ បានស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគ លើវិស័យចិញ្ចឹមសត្វ មានទាំងមាន់ គោ និងការដាំបន្លែ នៅកម្ពុជាផ្ទាល់...។

ក្រុមអ្នកជំនួញបរទេសបានចុះទៅកសិដ្ឋានធំៗនៅក្នុងខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល និងនាំផ្លូវដោយផ្ទាល់ពីសំណាក់លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីមើលឱកាសបោះទុនដោយផ្ទាល់ ចាប់ពីការដាំបន្លែ ចិញ្ចឹមមាន់សាច់ មាន់យកស៊ុត គោយកទឹកដោះ រហូតដល់គោសាច់ពូជល្បីៗដូចជា ប៊្លែកអែងហ្គឹស និងពូជគោវ៉ែកគ្យូរបស់ជប៉ុន។ លោក កៅ ថាច បានឱ្យដឹងនៅថ្ងៃទី៥កញ្ញានេះថា ការទាក់ទាញទុនកាន់តែច្រើនចូលវិស័យកសិកម្ម មិនត្រឹមតែបង្កើនផលិតកម្មទេ ប៉ុន្តែអាចជួយពង្រឹងសន្តិសុខស្បៀង បង្កើនសមត្ថភាពនាំចេញ និងបង្កើនប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ។

លោកគូសបញ្ជាក់បន្ថែមថា ការនាំអ្នកជំនួញទៅឃើញកសិដ្ឋានដោយផ្ទាល់ ក៏ជាវិធីបង្ហាញថា កម្ពុជាមិនត្រឹមតែមានដី និងទីផ្សារសម្រាប់វិស័យកសិកម្មទេ ប៉ុន្តែមានផលិតកម្មខ្នាតធំកំពុងដំណើរការ និងមានឱកាសសម្រាប់ទុនថ្មីចូលមកពង្រីកបន្ថែម។ ចំពោះកម្ពុជា ការទាក់ទាញការវិនិយោគទៅលើការផលិតសាច់ ស៊ុត និងទឹកដោះក្នុងស្រុក ក៏មានន័យថា ផលិតផលដែលកម្ពុជាត្រូវការរាល់ថ្ងៃ អាចត្រូវបានផលិតកាន់តែច្រើននៅក្នុងប្រទេស ជំនួសការពឹងផ្អែកលើការនាំចូល និងបើកផ្លូវទៅរកទីផ្សារនាំចេញនៅពេលផលិតកម្មកើនឡើង៕







