ក្រុមហ៊ុនម៉ាឡេស៊ី ចាប់ផ្តើមសិក្សាលម្អិតលើការបណ្ដាក់ទុនផលិតស្ករ និងកែច្នៃស្វាយចន្ទីនៅកម្ពុជា
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនម៉ាឡេស៊ីមួយ កំពុងចាប់អារម្មណ៍អំពីបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនេះ ក្រុមហ៊ុនបាននិងកំពុងសិក្សាប្រមូលព័ត៌មានលម្អិត ដើម្បីឈានមកបោះទុនវិនិយោគដោយផ្ទាល់តែម្ដង…។

លោក ដាតូ អាប់ឌុល ហាលីម ប្រធានក្រុមហ៊ុន RENTAS HOLDING SDN. BH. បានថ្លែងប្រាប់ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី២៦សីហាថា លោកសម្លឹងឃើញកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគ។ ប្រធានក្រុមហ៊ុនម៉ាឡេស៊ីរូបនេះ គូសបញ្ជាក់ថា ក្រុមហ៊ុន RENTAS HOLDINGS របស់លោក ជាក្រុមហ៊ុនឯកជនមួយ ដែលបានបង្កើត និងចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ មានកម្មវត្ថុអាជីវកម្មផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងចែកចាយស្ករ ក្នុងទីផ្សារម៉ាឡេស៊ី ហើយមានគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា

លោក ដាតូ អាប់ឌុល ហាលីម អះអាងថា គោលបំណងនៃការមកជួបពិភាក្សាការងារជាមមួយមន្ត្រីជំនាញកម្ពុជានៅពេលនេះ គឺដើម្បីទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធនឹងបរិស្ថានវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមានចំណាប់អារម្មណ៍លើការបណ្តាក់ទុនវិនិយោគ ផលិតស្ករ, កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទី។ ចំពោះ គម្រោងវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី នេះ ត្រូវបាន លោក ជា វុទ្ធី បង្ហាញការគាំទ្រ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរវិនិយោគបង្កើតរោងចក្រកែច្នៃស្វាយចន្ទី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន សម្រាប់ការដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

លោក ដាតូ អាប់ឌុល ហាលីម ប្រធានក្រុមហ៊ុនម៉ាឡេស៊ី RENTAS HOLDING SDN. BH.
លោក ដាតូ អាប់ឌុល ហាលីម ប្រធានក្រុមហ៊ុនម៉ាឡេស៊ី RENTAS HOLDING SDN. BH.
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត