ចូលមកជាហូរហែរ! គម្រោងថ្មី៦បន្ថែមទៀត មានទុនសរុបជិត១០០លានដុល្លារ ស្នើចុះបញ្ជីវិនិយោគនៅកម្ពុជា
S
Soriya Sou
•
23 កញ្ញា 2026 10:01 AM

រាជធានីភ្នំពេញ៖ គម្រោងវិនិយោគចំនួន៦ ត្រូវបានក្រុមអ្នកវិនិយោគដាក់សំណើសុំចុះបញ្ជីនៅកម្ពុជា។ សំណើនេះ ត្រូវបានគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លើកយកមកប្រជុំពិភាក្សាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦…។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា មានប្រសាសន៍ថា គម្រោងវិនិយោគទាំង៦ ជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានទុនវិនិយោគសរុបប្រមាណ៨៩លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណជាង១០០០កន្លែង។ ក្នុងចំណោមគម្រោងទាំង៦ មាន២គម្រោង ផ្ដោតមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ និងរោងចក្រកែច្នៃ។ ១គម្រោងទៀត មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្ម គឺបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ។ ១គម្រោងទៀត វិនិយោគក្នុងវិស័យទេសចរណ៍ ដោយបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ។

ដោយឡែក ២គម្រោងទៀត វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២៧មេហ្គាវ៉ាត់។ កម្ពុជាកំពុងខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគតាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។ រយៈពេល៨ខែ ឆ្នាំ២០២៦ កម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន៣៤៦ មានតម្លៃទុនសរុប៥៤៥៨​លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ២០ម៉ឺនកន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត