ដំណឹងល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម! មន្ទីរពេទ្យបង្អែកជ័យជំនះ បង្កើតសេវាថែទាំដំបៅជើងអ្នកជំងឺ និងស្ដារលទ្ធភាពពលកម្ម
អ
អុន សម្ផស្ស
•
12 ម៉ោងមុន

ក្រុងតាខ្មៅ៖ ការទទួលបានសេវាថែទាំជើង និងព្យាបាលដំបៅជើងបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃផលវិបាកធ្ងន់ធ្ងរចំពោះអ្នកជំងឺទឹកនោមផ្អែម។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល បានដាក់ឱ្យដំណើរការសេវាថែទាំជើងអ្នកជំងឺទឹកនោមផ្អែម តាមរយៈផ្នែកស្ដារលទ្ធភាពពលកម្មក្នុងមន្ទីរពេទ្យ (Hospital-Based Rehabilitation Unit - HBRU) ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងសមស្របតាមតម្រូវការរបស់អ្នកជំងឺ..។

ក្រសួងសុខាភិបាលប្រកាសព័ត៌មាននេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី Kate Sangster លេខាទី១ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាងមន្ទីរសុខាភិបាលខេត្ត តំណាងអង្គការដៃគូ និងក្រុមគ្រូពេទ្យពាក់ព័ន្ធ បានសម្ពោធដាក់ឱ្យដំណើរការសេវាថ្មីនេះ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់នៃសេវាស្ដារលទ្ធភាពពលកម្ម ក្នុងការជួយប្រជាពលរដ្ឋរក្សាសមត្ថភាពមុខងាររាងកាយ បង្កើនភាពឯករាជ្យក្នុងការរស់នៅ និងលើកកម្ពស់គុណភាពជីវិត ជាពិសេសអ្នកជំងឺទឹកនោមផ្អែម និងជនមានពិការភាពដែលត្រូវការសេវាស្ដារលទ្ធភាពពលកម្ម។ ជាមួយគ្នា លោក ង៉ូវ កាង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ជាពិសេសស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា, កម្មវិធី ACCESS2 អង្គការExceed Worldwide និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំកន្លែងផ្ដល់សេវាព្យាបាល ផ្ដល់សម្ភារបរិក្ខារជំនួយសម្រាប់ជនមានពិការភាព និងបង្កើតសេវាថែទាំព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែម។

ការដាក់ឱ្យដំណើរការសេវានេះ មិនត្រឹមតែជាការបន្ថែមសេវាសុខាភិបាលមួយមុខទៀតនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងតំបន់ជុំវិញ ឱ្យកាន់តែងាយស្រួលក្នុងការទទួលបានសេវាថែទាំ និងស្ដារលទ្ធភាពពលកម្ម ដោយមិនចាំបាច់ប្រឈមនឹងការលំបាកក្នុងការស្វែងរកសេវាដែលសមស្របនឹងតម្រូវការរបស់ខ្លួន។ ជាមួយគ្នា លោករដ្ឋលេខាធិការ ណែនាំដល់មន្ទីរសុខាភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកជ័យជំនះ ឱ្យបន្តផ្សព្វផ្សាយសេវានេះឱ្យបានទូលំទូលាយដល់មូលដ្ឋានសុខាភិបាល និងប្រជាពលរដ្ឋ ដើម្បីឱ្យអ្នកដែលមានតម្រូវការបានដឹង និងអាចមកទទួលសេវាបានទាន់ពេលវេលា។ ពិសេសក្រុមគ្រូពេទ្យត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាដោយការទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងមានភាពរួសរាយរាក់ទាក់ចំពោះអ្នកជំងឺ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត