តម្រួតនគរបាលថៃ រឹតបន្តឹងសន្តិសុខភ្លាមៗ ក្រោយធ្លាយដំណឹងក្រុមបាតុករ គ្រោងសម្រុកចូលវិមានរាជរដ្ឋាភិបាល

រាជធានីបាងកក៖ តម្រួតនគរបាលថៃ ប្រមាណជាង១០០នាក់ ត្រូវបានដាក់ពង្រាយតាមបណ្តាច្រកសំខាន់ៗទៅកាន់វិមានរាជរដ្ឋាភិបាលថៃ ក្រោយលេចធ្លាយដំណឹងសម្ងាត់ថា ក្រុមបាតុករថៃ មានផែនការចូលទៅអុកឡុកនៅវិមានរាជរដ្ឋាភិបាល ដើម្បីពង្រីកវិសាលភាពនៃបាតុកម្មឱ្យរីកធំ ក្លាយជាកុបកម្មហិង្សា...។

សូមជម្រាបថា ក្រុមបាតុករបានដង្ហែក្បួនបាតុកម្ម ដឹកនាំដោយមេភូមិ និងប្រជាពលរដ្ឋនៅខេត្តភាគខាងត្បូងប្រទេសថៃ ធ្វើដំណើរមកកាន់រាជធានីបាងកក ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលរបស់អនុទីន ដោះស្រាយបញ្ហាប្រេងសាំង វិបត្តិទំនិញឡើងថ្លៃ និងចាត់វិធានការទប់ស្កាត់ការជួញដូរគ្រឿងញៀនដែលកំពុងរីករាលដាល់ខ្លាំងនៅតំបន់ភាគខាងត្បូង។ សារព័ត៌មានថៃ អម្រិន ធីវី (AMARINTV) ចេញផ្សាយព័ត៌មាននេះ ដោយបញ្ជាក់ថា មេបញ្ជាការកងតម្រួតនគរបាលប្រចាំរាជធានីបាងកក បានដាក់បទបញ្ជាភ្លាមៗ ដល់តម្រួតនគរបាលបង្ក្រាបក្រុមបាតុកម្ម ប្រមាណជាង១០០នាក់ ប្រដាប់ដោយខែល របាំងបារ៉ាសការពារ និងត្រៀមកាំភ្លើងផ្សែងបាញ់បំបែកក្រុមបាតុករ ក្នុងករណីពួកគេរុញច្រានបាតុកម្មអហិង្សាទៅជាកុបកម្មហិង្សាណាមួយកើតឡើងភ្លាមៗ។ 

ទោះជាយ៉ាងណាក៏ដោយ កងតម្រួតនគរបាលថៃ បានពង្រាយកងកម្លាំងប្រចាំការ និងព្រមានដល់ក្រុមបាតុករ កុំឱ្យបង្កចលាចលណាមួយឡើយ ហើយត្រូវធ្វើបាតុកម្មដោយអហិង្សា តាមរយៈការជួបជុំសម្ដែងមតិ ដោយមិនត្រូវធ្វើនៅក្នុងរង្វង់ចម្ងាយ៥០ម៉ែត្រពីវិមានរាជរដ្ឋាភិបាលឡើយ។ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ក្រុមបាតុករពុំបានធ្វើសកម្មភាពណាមួយ បង្កចលាចលឡើយ។ សូមបញ្ជាក់ផងដែរថា ការតវ៉ានេះ ដឹកនាំដោយ លោក មនោ គ្រឿកែវ (มโน เครือแก้ว) មេភូមិម្នាក់នៅក្នុងឃុំក្របីតូច ឬ(ក្រៈប៊ីណយ กระบี่น้อย) នៃទីរួមស្រុកក្របី ខេត្តក្របី។ លោក មនោ គ្រឿកែវ បានដឹកនាំក្បួនបាតុកម្ម ធ្វើដំណើរមកកាន់រាជធានីបាងកក ទាមទារឱ្យរាជរដ្ឋាភិបាលថៃ ដោះស្រាយបន្ទាន់ លើបញ្ហាប្រេងសាំង និងទំនិញឡើងថ្លៃ ក៏ដូចជាចាត់វិធានការបន្ទាន់ ឬមានប្រសិទ្ធភាពខ្លាំងក្លាជាងមុន ដើម្បីទប់ស្កាត់ការចរាចរ និងជួញដូរគ្រឿងញៀន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត