យានដ្រូនផ្ទុកដ្រូន Bayraktar TB2 មានអានុភាពវាយប្រហារខ្លាំងស្ទើរមិនគួរជឿ
S
Sinuon Nop
•
11 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ ​តួកគីយ៉េក្លាយជាប្រទេសមួយ​មាន​ឈ្មោះបោះសំឡេងយ៉ាងខ្លាំង លើវិស័យយន្ដហោះគ្មានមនុស្សបើក ឬដ្រូន ក្រោយពេលប្រទេសនេះ បានផ្គត់ផ្គង់ដ្រូន ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បី​ធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ​​ខណៈឥឡូវ ក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់​ប្រទេសអឺរ៉ុបអាគ្នេយ៍មួយនេះ បានកែប្រែដ្រូន Bayraktar TB2 ទៅជាយានដ្រូនផ្ទុកដ្រូន ដើម្បីជួយដឹកជញ្ជូនដ្រូនតូចៗ ប្រភេទ FPV មានតម្លៃថោក ហោះបានចម្ងាយជិតៗ អាចមានលទ្ធភាពវាយប្រហារ នៅក្នុងចម្ងាយឆ្ងាយបាន។

លោក ហាលុក បាយរ៉ាក់តារ (Haluk Bayraktar) នាយកប្រតិបត្តិ នៃក្រុមហ៊ុន Baykar
លោក ហាលុក បាយរ៉ាក់តារ (Haluk Bayraktar) នាយកប្រតិបត្តិ នៃក្រុមហ៊ុន Baykar

សារព័ត៌មាន India Times បានចេញផ្សាយដំណឹងនេះកាលថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកាថា បើតាមក្រុមហ៊ុនឧស្សាហកម្មការពារជាតិតួកគី ​​Baykar បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន កំពុងបង្កើនសមត្ថភាពចម្ងាយហោះហើររបស់ដ្រូន Bayraktar TB2 ហើយថែមទាំងកែប្រែវាឲ្យក្លាយទៅជាយានដ្រូនផ្ទុកដ្រូន ដោយអាចផ្ទុកដ្រូនអត្ដឃាដ រហូតដល់១៦គ្រឿង និងកំពុងធ្វើតេស្ដសាកល្បង។​​ លោក ហាលុក បាយរ៉ាក់តារ (Haluk Bayraktar) នាយកប្រតិបត្តិ នៃក្រុមហ៊ុន Baykar បានពណ៌នាការអភិវឌ្ឍនេះថា វាជាការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលអាចកើតមាន នៅក្នុងប្រតិបត្តិការ នៅលើសមរភូមិប្រយុទ្ធ ជាមួយនឹងការ​លើកឡើងថា ការផ្លាស់ប្ដូរដ្រូន Bayraktar TB2 ទៅជាយានដ្រូនផ្ទុកដ្រូន​បែបនេះ អាចពង្រីកវិសាលភាពប្រតិបត្តិការរបស់យន្តហោះដ្រូន វាយប្រហារខ្នាតតូច ឱ្យកាន់តែទូលំទូលាយថែមទៀត។​ ដ្រូនប្រភេទនេះ ​​មានសមត្ថភាពហោះហើរបានយូរ ជាង២០ម៉ោង និងមានរយៈចម្ងាយប្រតិបត្តិការអតិបរមា រហូតដល់៣៤០០គីឡូម៉ែត្រ។

កងទ័ពអ៊ុយក្រែន រុញដ្រូនដែលតួកគីផ្ដល់ឲ្យ
កងទ័ពអ៊ុយក្រែន រុញដ្រូនដែលតួកគីផ្ដល់ឲ្យ

យានដ្រូនផ្ទុកដ្រូន Bayraktar TB2 ផលិតឡើង ដោយក្រុមហ៊ុនរបស់តួកគីយ៉េ ឈ្មោះ Baykar ហើយវាជាប្រភេទយានអាកាសគ្មានមនុស្សបើក សម្រាប់ប្រតិបត្តិការប្រយុទ្ធ (UCAV) ដែលអាចហោះហើរបាន នៅក្នុងរយៈកម្ពស់មធ្យម និងមានសមត្ថភាពហោះហើរបាន នៅក្នុងរយៈពេលយូរ ជាមួយនឹងការ​​ធ្វើប្រតិបត្តិការ តាមរយៈការបញ្ជា ពីចម្ងាយ ឬហោះហើរ ដោយស្វ័យប្រវត្តិ។ ​Bayraktar TB2 មានបណ្ដោយប្រវែង៦,៥ម៉ែត្រ ទទឹងស្លាបពីម្ខាងទៅម្ខាងប្រវែង១២ម៉ែត្រ និងមានទម្ងន់អាចហោះឡើងបាន៧០០គីឡូក្រាម ហើយវាមានសមត្ថភាពផ្ទុកគ្រឿងបំផ្ទុះ រហូតដល១៥០គីឡូក្រាម។ ដ្រូន Bayraktar TB2 ​មានសមត្ថភាពហោះហើរ នៅក្នុងរយៈកម្ពស់ ចន្លោះពី៦០៩៦ម៉ែត្រ ទៅ៧៦២០ម៉ែត្រ​ ជាមួយនឹងល្បឿន គិតជាមធ្យម ២២២គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ដ្រូនប្រភេទនេះ អាចហោះហើរនៅក្នុងរយៈពេល ចន្លោះពី២៤ម៉ោងទៅ២៧ម៉ោង ដោយអាស្រ័យលើអាស្រ័យលើការកំណត់រចនាសម្ព័ន្ធ និងលក្ខណៈនៃបេសកកម្ម​​។

ដ្រូន Bayraktar TB2 អាចហោះ រហូតដល់ចន្លោះពី១៥០គីឡូម៉ែត្រ ទៅ៣០០គីឡូម៉ែត្រ ចេញពីស្ថានីយគ្រប់គ្រងនៅលើដី ហើយវាត្រូវបានបំពាក់ដោយម៉ាស៊ីន១០០ hp Rotax 912 និងគ្រប់គ្រងការហោះហើរ ដោយប្រព័ន្ធកុំព្យូទ័រ។ ដ្រូន Bayraktar TB2 បានត្រូវបំពាក់ដោយប្រព័ន្ធរុករក​​ដោយ​ប្រើការរួមបញ្ចូលទិន្នន័យ ពីឧបករណ៍ចាប់សញ្ញាខាងក្នុង និង​​មិនពឹងផ្អែកលើប្រព័ន្ធ GPS នោះឡើយ។ ដ្រូន Bayraktar TB2 ក៏មានបំពាក់ដោយប្រព័ន្ធសេនស័រ (Sensor) ​រួមមាន៖ ប្រព័ន្ធអុបទិក-អេឡិកត្រូនិក (EO), ប្រព័ន្ធអ៊ីនហ្វ្រារ៉េដ (IR), ឧបករណ៍កំណត់គោលដៅ ដោយឡាស៊ែរ (LD) ឬរ៉ាដាប្រភេទ AESA ។ ​រីឯកន្លែងសម្រាប់បំពាក់អាវុធ គឺនៅក្រោមស្លាប ហើយវា​អាចផ្ទុកគ្រាប់រំសេវឆ្លាតវៃខ្នាតតូច Roketsan ​រហូតដល់៤គ្រាប់ ​ដូចជា គ្រាប់បែក​នាំផ្លូវដោយឡាស៊ែរ ប្រភេទ MAM-L និង MAM-C​ …ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត