Google បោះទុនវិនិយោគមជ្ឈមណ្ឌលទិន្នន័យចំនួន១៥ពាន់លានដុល្លារ នៅម៉ាឡេស៊ី
S
Sinuon Nop
•
8 ម៉ោងមុន

រាជធានីគួឡាឡាំពួរ៖ ក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាពហុជាតិសាសន៍អាម៉េរិក Google ​បានប្រកាសផែនការវិនិយោគជាមួយទំហំទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រទេសម៉ាឡេស៊ី សម្រាប់រយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមសារព័ត៌មានរបស់ឥណ្ឌូណេស៊ី The Jakarta...។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងរដ្ឋមន្ត្រីក្រសួងឌីជីថល លោក ហ្គោប៊ីន សិង្ហ ដេវ (Gobind Singh Deo) ក៏បានចូលរួម និងថ្លែងសុន្ទរកថា នៅក្នុងពិធីប្រកាស អំពីការពង្រីកប្រតិបត្តិការនេះផងដែរ។ ការវិនិយោគរបស់ Google ជាមួយនឹងទំហំទឹកប្រាក់១៥ពាន់លានដុល្លារ នៅប្រទេសម៉ាឡេស៊ី កើតឡើងចំពេល​ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន កំពុង​កើនឡើងខ្លាំង។ ការវិនិយោគនេះ ​គ្រោងនឹងធ្វើឡើង នៅឆ្នាំ២០២៧ និង២០២៨ នឹងរួមបញ្ចូលទាំងការកសាង​​មជ្ឈមណ្ឌលទិន្នន័យ (data centers) ថ្មីៗ គម្រោងថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធទឹក និងកម្មវិធីបណ្តុះបណ្តាលនានា។ ក្រុមហ៊ុន Google បានបញ្ជាក់ថា ខ្លួននឹងជួយបន្ថែមសមត្ថភាពថាមពលស្អាតជាង១ជីហ្គាវ៉ាត់ (gigawatt) ទៅក្នុងបណ្តាញអគ្គិសនីរបស់ប្រទេសម៉ាឡេស៊ី ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាជនម៉ាឡេស៊ី ប្រមាណ ៨០០ ០០០នាក់ នៅត្រឹមឆ្នាំ២០៣១។

ទំហំ​វិនិយោគនេះ ធ្វើឱ្យសេចក្តីប្រកាសមានសារសំខាន់លើសពីព្រំដែនប្រទេសម៉ាឡេស៊ី ទៅទៀត។ បច្ចុប្បន្ន បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលចាំបាច់ សម្រាប់ដំណើរការសេវាកម្មនៅលើប្រព័ន្ធក្លូដស៊ើវីស (cloud services) និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលកាន់តែត្រូវការថាមពលអគ្គិសនីច្រើនឡើងៗ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានក្លាយជាប្រទេសមួយ នៅក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យបំផុត នៅក្នុងការទាក់ទាញការវិនិយោគរបស់បរទេស។ បច្ចុប្បន្ន Google មានមជ្ឈមណ្ឌលទិន្នន័យមួយរួចទៅហើយ នៅតំបន់ពាណិជ្ជកម្មអេលមីណា (Elmina Business Park) ស្ថិតក្នុងរដ្ឋសេឡានហ្គ័រ (​Selangor)  នៃប្រទេសម៉ាឡេស៊ី ហើយក៏មានគម្រោងសាងសង់មជ្ឈមណ្ឌលបន្ថែមទៀត នៅក្នុងរដ្ឋ Selangor និងរដ្ឋជិតខាង គឺរដ្ឋណេហ្គេរី សេមប៊ីឡាន (​Negeri Sembilan)។

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងគាំទ្រដល់តំបន់សេវាកម្មលើប្រព័ន្ធពពក (cloud region) របស់ Google នៅក្នុងប្រទេសម៉ាឡេស៊ី និងផ្តល់សមត្ថភាពកុំព្យូទ័រ សម្រាប់អាជីវកម្មនានា ក៏ដូចជា ស្ថាប័នរដ្ឋាភិបាល ដែលកំពុងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត (AI)។ Google ប៉ាន់ប្រមាណថា ការសាងសង់មជ្ឈមណ្ឌលថ្មីៗទាំងនេះ នឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (ឬ GDP) របស់ម៉ាឡេស៊ីជាមធ្យម ១,១ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០២៧ និង២០២៨ ព្រមទាំងជួយបង្កើតការងារជាង៣៧០០០កន្លែង ជារៀងរាល់ឆ្នាំ។ ក្នុងនោះ ការងារប្រមាណ៦០០០កន្លែង ត្រូវបានរំពឹងថា ជាការងារនៅក្នុងវិស័យសំណង់។ ចំនួនសរុបទាំងនេះ ក៏រាប់បញ្ចូលទាំងការងារ ដែលត្រូវបានបង្កើតឡើងនៅផ្នែកផ្សេងៗទៀតនៃសេដ្ឋកិច្ច តាមរយៈចរន្តហិរញ្ញវត្ថុ ដែលហូរទៅកាន់អ្នកផ្គត់ផ្គង់ និងអាជីវកម្មពាក់ព័ន្ធនានា។

លើសពីនេះ Google បានព្យាករ​ថា នៅពេល​​មជ្ឈមណ្ឌលទាំងនេះ ចាប់ផ្តើមដំណើរការពេញលេញ វានឹងជួយរក្សាការងារក្នុងស្រុកជាង៩០០០កន្លែង ជារៀងរាល់ឆ្នាំ ដោយមានកម្រិតប្រាក់ឈ្នួល ជាមធ្យមខ្ពស់ជាងកម្រិតប្រាក់ឈ្នួលមធ្យមថ្នាក់ជាតិ រហូតដល់ទៅ៤៥ភាគរយ។ យ៉ាងណា ចំនួន៩០០០នាក់នេះ មិនមែនសុទ្ធតែជាបុគ្គលិក ដែលធ្វើការដោយផ្ទាល់ នៅខាងក្នុងមជ្ឈមណ្ឌលនោះឡើយ។ បើ​តាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ DC Byte បានឲ្យដឹងថា បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី មានចំណែកជាងពាក់កណ្តាល នៃសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យ (data centers) ដែលកំពុង ឬស្ថិតក្នុងដំណាក់កាលសាងសង់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និងវៀតណាម។

ប៉ុន្តែការរីកចម្រើននេះ ក៏ទាមទារឱ្យមានការប្រើប្រាស់អគ្គិសនីនៅក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងប្រាប់រដ្ឋសភានៅក្នុងខែកក្កដាថា មជ្ឈមណ្ឌលទិន្នន័យទាំងនេះ ត្រូវបានគេព្យាករថា នឹងប្រើប្រាស់អគ្គិសនី ប្រហែលមួយភាគបី នៃបរិមាណអគ្គិសនីសរុបរបស់ប្រទេស នៅត្រឹមឆ្នាំ២០៣៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត