ប្រធានាធិបតីអ៊ីស្រាអែល ជ្រើសរើសមេបក្សប្រឆាំង ជំនួសនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បង្កើតរដ្ឋាភិបាល
S
Sinuon Nop
•
7 ម៉ោងមុន

រដ្ឋធានីជេរូសាឡឹម៖ ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាអាក ហើរហ្សក់ (Isaac Herzog) បានជ្រើសរើសលោក ហ្កាឌី អេសេនខូត (Gadi Eisenkot) ជំនួសឱ្យលោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា First Post បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យទី៨ ខែវិច្ឆិកានេះ...។

មេងក្សប្រឆាំង ចាប់ដៃជាមួយប្រធានាធិបតីអ៊ីស្រាអែល
មេងក្សប្រឆាំង ចាប់ដៃជាមួយប្រធានាធិបតីអ៊ីស្រាអែល

ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអ៊ីស្រាអែល កើតឡើងបន្ទាប់ពីការបោះឆ្នោតមួយដែលឈានដល់ការជាប់គាំង ដោយគ្មានភាគីណាមួយទទួលបានសំឡេងភាគច្រើន នៅក្នុងសភា (Knesset)។ ការិយាល័យរបស់ប្រធានាធិបតីអ៊ីស្រាអែល បានបញ្ជាក់ថា លោកប្រធានាធិបតីអ៊ីស្រាអែល បានជូនដំណឹងដល់លោក អេសេនខូត មេដឹកនាំគណបក្សយ៉ាស្សារ (Yashar) កាលពីយប់ថ្ងៃសៅរ៍ អំពី«គោលបំណងរបស់លោក នៅក្នុងការប្រគល់ភារកិច្ចឱ្យលោក អេសេនខូត បង្កើតរដ្ឋាភិបាល»។

មេបក្សប្រឆាំង លោក ហ្កាឌី អេសេនខូត
មេបក្សប្រឆាំង លោក ហ្កាឌី អេសេនខូត

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ការតែងតាំងជាផ្លូវការ នឹងធ្វើឡើងនៅក្នុងពិធីមួយ ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីយ៉េរូសាឡឹម (Jerusalem)។ ស្របគ្នានេះដែរ មេបក្សប្រឆាំង លោក អេសេនខូត បានសរសេរនៅលើបណ្តាញសង្គម X ថា៖«ឥឡូវនេះ គឺជាពេលវេលាសម្រាប់បង្កើតរដ្ឋាភិបាលសង្គ្រោះជាតិ។ ខ្ញុំនឹងខិតខំធ្វើគ្រប់យ៉ាង ដើម្បីធានាថា យើងសក្តិសមនឹងតួនាទីនេះ»។ នេះគឺជាប្រតិកម្មដំបូងរបស់លោក បន្ទាប់ពីទទួលបានការតែងតាំង ពីលោកប្រធានាធិបតី។

លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ
លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ

លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានខិតខំរក្សាតំណែងរបស់ខ្លួន បន្ទាប់ពីសម្ព័ន្ធភាពនៃក្រុមជាតិ-សាសនានិយម (religious-nationalist coalition) របស់លោក បានបាត់បង់សំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៧ ខែតុលា ប៉ុន្តែសម្ព័ន្ធភាពនេះ នៅតែជាក្រុមធំជាងគេ នៅក្នុងសភា។ ប្រសិនបើលោក អេសេនខូត ទទួលបានជោគជ័យ នៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ លោកនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសលោក នេតាន់យ៉ាហ៊ូ ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេបំផុតរបស់អ៊ីស្រាអែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត