ថៃប្រកាសអាសន្នដល់ដល់ខេត្តជិត៤០ ចំពេលតំបន់ភាគខាងត្បូងប្រទេស ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងបំផុត
S
Sinuon Nop
•
10 ម៉ោងមុន

រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) កាលពីព្រឹកថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា បានចេញការព្រមាន អំពីការកើនឡើង នៃបរិមាណទឹកភ្លៀង នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសថៃ ជាមួយនឹងការព្យាករថា អាចនឹងមានភ្លៀងធ្លាក់ចាប់ពីខ្លាំងទៅខ្លាំងបំផុត នៅតាមតំបន់មួយចំនួន រួមទាំងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ គ្របដណ្តប់ រហូតដល់៧០ភាគរយ នៃតំបន់ទាំងនោះ នាថ្ងៃអាទិត្យនេះ...។

ជាមួយគ្នា នាយកដ្ឋានឧតុនិយមថៃ បានណែនាំដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ជន់លិចភ្លាមៗ និងទឹកហូរធ្លាក់ពីតំបន់ខ្ពង់រាប ជាពិសេស នៅតំបន់ជើងភ្នំ តំបន់ក្បែរផ្លូវទឹក និងសហគមន៍ដែលមានទីតាំងស្ថិតនៅតំបន់ទំនាប។ បរិមាណទឹកភ្លៀង នឹងកើនឡើងនៅតំបន់ភាគខាងត្បូង ខណៈភ្លៀងនៅតំបន់ភាគខាងលើ នៃប្រទេសថៃ នឹងថយចុះ។ ទោះជាយ៉ាងណា វាអាចនៅតែមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ នៅតាមតំបន់មួយចំនួន ជាពិសេស នៅតំបន់ភាគខាងជើង និងតំបន់កណ្តាល។ ស្ថានភាពអាកាសធាតុនេះ នៅតែស្ថិតក្រោមឥទ្ធិពល នៃប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាសខ្យល់ ត្រជាក់មកពីប្រទេសចិន ដែលកំពុងគ្របដណ្តប់លើតំបន់ភាគខាងលើនៃប្រទេសថៃ និងសមុទ្ទចិនខាងត្បូង។ ឥទ្ធិពលនេះ កំពុងធ្វើឱ្យខ្យល់បក់ មកពីទិសខាងកើត មានកម្លាំងខ្លាំងឡើង នៅលើឈូងសមុទ្ទថៃ តំបន់ភាគខាងត្បូង និងសមុទ្ទអាន់ដាម៉ាន់។

នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា រលកសមុទ្ទ នៅក្នុងតំបន់ដែលមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ ទាំងនៅក្នុងសមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទថៃ អាចមានកម្ពស់លើសពី២ម៉ែត្រ។ ដូច្នេះ អ្នកធ្វើដំណើរតាមសមុទ្ទ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចៀសវាងការធ្វើដំណើរចូល ទៅក្នុងតំបន់ដែលមានព្យុះ។ ស្របគ្នានេះដែរ នាយកដ្ឋាននេះ ក៏បានព្យាករផងដែរថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ជាច្រើន នៃភាគខាងត្បូង ប្រទេសថៃ ចាប់ពីថ្ងៃទី៨-១៣ ខែវិច្ឆិកា ដោយអាចមានភ្លៀងធ្លាក់ខ្លាំងបំផុត នៅតាមតំបន់មួយចំនួន ខណៈខ្យល់បក់មកពីទិសខាងកើត កាន់តែមានកម្លាំងខ្លាំងឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត