
ព្រំដែនកម្ពុជា-ថៃ៖ នៅវេលាម៉ោង១០:៤៥នាទីព្រឹកថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុម AOT បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន...។

សូមជម្រាបថា ក្រុមអ្នកសម្របសម្រួល(CLG) នៃប្រទេសកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យ សង្កេតការណ៍ ផ្ទៀងផ្ទាត់ និងសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹករបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដល់ទីតាំងជាក់ស្តែង ពិតជាផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទីបួនរបស់សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការដែលជនភៀសសឹកកម្ពុជា មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន គឺ..ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ពីសំណាក់កងកម្លាំងយោធាថៃឈ្លានពាន នៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ រួមទាំងចូលឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ បំផ្លិចបំផ្លាញវត្តអារាម មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់មន្ត្រីរាជការសាធារណៈកម្ពុជាជាច្រើនកន្លែងផងដែរ។ ដូច្នេះ ការជំរុញឱ្យមានការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុតនោះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយគ្មានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

គួរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ..៕






