
រាជធានីភ្នំពេញ៖ តាមការព្យាកររបស់ក្រសួងធនធានទឹក ឃើញថា សម្ពាធទាបនៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជា ព្យុះទី៣២ឈ្មោះសេមប៉ាកា នឹងមានឥទ្ធិពលមកលើរបបខ្យល់មូសុងឦសាន ហើយបោកបក់មកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ និងសមុទ្ទចិនខាងត្បូង...។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តំបន់មាត់សមុទ្ទ មានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ។ រលកសមុទ្ទបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ ចំពោះ តំបន់វាលទំនាប រួមមាន រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងខេត្តស្វាយរៀង អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ គ្របដណ្តប់លើផ្ទៃដី ២០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប ដែលមានដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់មកជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ ដូច្នេះក្រសួងអំពាវនាវពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិនេះ៕




