
ក្រុងសៀមរាប៖ ផ្សារផលិតផលខ្មែរ នៅខេត្តសៀមរាប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយប្រជាកសិករ និងផលិតករខ្មែរនៅខេត្តសៀមរាប។ ពេលនេះ ផ្សារផលិតផលខ្មែរ កំពុងទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស...។

ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីវេលាម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ផ្សារផលិតផលខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួនព្រះរាជដំណាក់ បានបើកស្វាគមន៍ប្រជាពលរដ្ឋខ្មែរ និងបរទេសចូលទៅទស្សនា និងទិញផលិតផលខ្មែរគ្រប់ប្រភេទយកទៅប្រើប្រាស់ ព្រោះជាផលិតផលមានគុណភាពខ្ពស់ ផលិតដោយដៃប្រជាកសិករខ្មែរនៅខេត្តសៀមរាបផ្ទាល់ និងបណ្តាខេត្តជាប់ព្រំប្រទល់ជាមួយ។ លោកអ្នកនាងក៏អាច ស្វែងរកទីតាំងតាមរយៈលីងដែលមានដាក់បង្ហាញជូននេះបានផងដែរ៖ (https://maps.app.goo.gl/xTVrLCxMaqCU9iuu5)។

សូមជម្រាបថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំ និងដាក់ឱ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់ប្រជាកសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរឡើង។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផ្សារផលិតផលខ្មែរ នៅខេត្តសៀមរាបឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករ និងផលិតករខ្មែរ នៅខេត្តសៀមរាប ក៏ដូចជាផលិតផលបងប្អូនខ្មេរនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តសៀមរាបផងដែរ៕







