កម្ពុជា គ្មានការផ្ទុះឆ្លងរាលដាលជំងឺអេដស៍ឡើងវិញ ដូចការផ្សាយនៅលើបណ្ដាញសង្គម
S
Soriya Sou
•
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា មិនមានការផ្ទុះឆ្លងរាលដាលមេរោគអេដស៍ឡើងវិញ ដូចជា ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនោះឡើយ​។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ការអះអាងដូច្នេះ ពីសំណាក់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានកើតឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមថា ប្រទេសកម្ពុជា មានការផ្ទុះការឆ្លងរាលដាលឡើងវិញនូវមេរោគអេដស៍។ ស្ថាប័នជំនាញនេះអះអាងថា តាមតួលេខ នៃប្រព័ន្ធតាមដាន និងវាយតម្លៃពីការរាលដាល និងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ដែលគ្រប់គ្រង ដោយក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការផ្ទុះរាលដាលនៃមេរោគអេដស៍នោះទេ។ ដូច្នេះ ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម គឺជាព័ត៌មានមិនពិត។ បើតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កម្មវិធីទប់ស្កាត់ការរាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាកម្មវិធីមួយដ៏ល្អ នៅក្នុងពិភពលោក ហើយកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅ៩៥-៩៥-៩៥។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ 
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ 

ការសម្រេចគោលដៅ ៩៥-៩៥-៩៥ នោះគឺ៖ ១. ៩៥ភាគរយ នៃអ្នកដែលសង្ស័យថា ផ្ទុកមេរោគអេដស៍ បានធ្វើតែស្តរកមេរោគ និងដឹងខ្លួនថា ពិតប្រាកដជាផ្ទុកមេរោគអេដស៍មែន ២. ៩៥ភាគរយ នៃអ្នកដែលតេស្តឃើញផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថ ប្រឆាំងនឹងមេរោគអេដស៍ និង ៣. ៩៥ភាគរយ នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថ ត្រូវបានរកឃើញថា មានកំហាប់មេរោគក្នុងឈាមកម្រិតទាបបំផុត ដែលមិនអាចចម្លងទៅអ្នកដទៃបាន។ ចំពោះមុខគោលដៅ ៩៥-៩៥-៩៥ខាងលើ ប្រទេសកម្ពុជា សម្រេចបាន៩៥-១០០-៩៨។ នៅទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជា មានអ្នកឆ្លងមេរោគអេដស៍ខ្ពស់បំផុត រហូតដល់១ម៉ឺន៧ពាន់នាក់ ទៅ២ម៉ឺន៥ពាន់នាក់ ក្នុងមួយឆ្នាំ។ ប៉ុន្តែចំនួនករណីឆ្លងថ្មី បានធ្លាក់ចុះមកត្រឹម១ពាន់៧រយនាក់ នៅឆ្នាំ២០២១ និងបន្តធ្លាក់ចុះមកត្រឹម៩៦០នាក់ប៉ុណ្ណោះ នៅឆ្នាំ២០២៥។ ទោះជាបែបនេះក្ដី ដើម្បីបង្កើនការទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅតែអំពាវនាវ ដល់អ្នកដែលសង្ស័យថា ខ្លួនអាចផ្ទុកមេរោគអេដស៍ទាំងអស់ ជាពិសេស ក្រុមយុវវ័យដែលស្រឡាញ់ភេទដូចគ្នា សូមប្រញាប់ទៅធ្វើតេស្តរកមេរោគអេដស៍នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត