
រាជធានីភ្នំពេញ៖ អាជ្ញាធរកម្ពុជា បាននិងកំពុងពិនិត្យយ៉ាងហ្មត់ចត់លើភស្តុតាង ដែលមាន ដើម្បីស៊ើបអង្កេតរាល់ការសង្ស័យអំពីការជាប់ពាក់ព័ន្ធ ឬការគប់គិតរបស់ក្រុមហ៊ុនសន្តិសុខឯកជន ឬមន្ត្រីនានា ក្នុងសកម្មភាពខុសច្បាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញស្គេម។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រាប់អង្គទូត និងតំណាងអង្គការអន្តរជាតិនានា នៅរាជធានីភ្នំពេញ សរុបចំនួន៤៦រូប ក្នុងពេលធ្វើបទបង្ហាញពីវឌ្ឍនភាព និងទិសដៅអនាគតរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការសម្របសម្រួលដោយក្រសួងការបរទេស កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

បើតាមលោក ឆៃ ស៊ីណារិទ្ធ រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជា បានស៊ើបអង្កេតទីតាំងសង្ស័យចំនួន៩៧២ទីតាំង និងបង្កកប្រាក់ក្នុងគណនីធនាគារចំនួនជាង៣០០លានដុល្លារអាម៉េរិក ព្រមទាំងទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុមានតម្លៃជិត១ពាន់លានដុល្លារអាម៉េរិក ព្រមទាំងបានបណ្តេញចេញជនបរទេសជាង២ម៉ឺន៣ពាន់នាក់ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ។ លោកបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាកត្តាចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជាសម្រេចបានតាមរយៈប្រតិបត្តិការបង្ក្រាប និងយុទ្ធនាការអនុវត្តច្បាប់ នៅទូទាំងប្រទេស មានការគាំទ្រ និងការចែករំលែកព័ត៌មានពីដៃគូជាច្រើន។

យ៉ាងណា ទោះជាទីតាំងប្រតិបត្តិការឆបោកទ្រង់ទ្រាយធំទាំងអស់ ត្រូវបានលុបបំបាត់នៅកម្ពុជាក៏ដោយ ប៉ុន្តែបណ្តាញឧក្រិដ្ឋជន នៅតែមាន និងបន្តសម្របខ្លួន ដោយប្តូរទៅធ្វើប្រតិបត្តិការជាទ្រង់ទ្រាយតូចៗ និងបែកខ្ញែកនៅតាមបន្ទប់ជួល សណ្ឋាគារ ហាងកាហ្វេ និងតំបន់ដាច់ស្រយាលនានា។ លោក ឆៃ ស៊ីណារិទ្ធ អះអាងថា៖ «ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៃការអនុវត្តច្បាប់ អាជ្ញាធរកំពុងពិនិត្យយ៉ាងហ្មត់ចត់លើភស្តុតាងដែលមាន ដើម្បីស៊ើបអង្កេតរាល់ការសង្ស័យអំពីការជាប់ពាក់ព័ន្ធ ឬការគប់គិតរបស់ក្រុមហ៊ុនសន្តិសុខឯកជន ឬមន្ត្រីនានា ក្នុងសកម្មភាពខុសច្បាប់ទាំងនេះ»។ លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងមិនមើលរំលងក្រុមហ៊ុន ឬបុគ្គលណាមួយដែលត្រូវបានសង្ស័យថា បានផ្តល់ជម្រក ការការពារ ឬសម្រួលដល់បណ្តាញ ឬប្រតិបត្តិការឆបោកនោះឡើយ។

ទៅអនាគត កម្ពុជាប្ដេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីការពារជនរងគ្រោះ និងទប់ស្កាត់ការកើតឡើងវិញនូវបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប៉ុន្តែកម្ពុជាក៏ស្នើឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ និងមានការជឿទុកចិត្តគ្នាទៅវិញទៅមក ជាពិសេស ការចែករំលែកព័ត៌មានជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ និងការជួយកសាងសមត្ថភាពទៅវិញទៅមក។ កម្ពុជាក៏ត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធប្រតិបត្តិការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស៕





