
រាជធានីភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងតំបន់អាស៊ាន បានក្រើនរំលឹកដល់អ្នកប្រឈមមេរោគអេដស៍ទាំងអស់ ស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគឱ្យបានឆាប់បំផុត ដើម្បីទទួលបានការថែទាំសុខភាព និងប្រើថ្នាំប្រឆាំង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់...។

ការក្រើនរំលឹករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឡើងតាមរយៈសារលិខិត ចូលរួមប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍លើកទី៣០ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។ ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអះអាងថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅដែលជាមោទនភាពថ្មីមួយទៀត នោះគឺជាការឈានទៅ បញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។ ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅ បញ្ចប់ជំងឺអេដស៍» បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួម ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជា ណាចក្រកម្ពុជាយើង ធ្លាប់បាននឹងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍-ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើ និងក្រើនរំលឹកដល់បង-ប្អូនជនរួមជាតិ ជាពិសេសយុវជនយើងនៅវិធានមួយចំនួនរួមមាន៖ ទី១.ត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន, ទី២. ត្រូវនាំគ្នាអនុវត្តវិធីសាស្ដ្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី»,ទី៣. សម្រាប់បងប្អូន ដែលសង្ស័យថា បានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ដើម្បីទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់, ទី៤.ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យ និងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍ ស្វាយ និងថ្លើម ពីសេវាសុខាភិបាល។

ទី៥.ពលរដ្ឋត្រូវចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើង ឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅ បញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ៕





