
ក្រុងព្រះវិហារ៖ មានសេចក្តីរាយការណ៍ថា នៅឯខេត្តព្រះវិហារ ជំងឺស្វាយ និងមេរោគអេដស៍ ក្នុងឆ្នាំ២០២៦ នេះ មានការកើនទ្បើងជាងឆ្នាំមុន។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីណែនាំបន្ទាន់មួយ ប្រាប់ពលរដ្ឋឱ្យចេះថែរក្សាខ្លួន ពីជំងឺកាមរោគ និងជំងឺអេដស៍ កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកា...។

មន្ទីរសុខាភិបាល បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៦ រកឃើញមនុស្ស២៥នាក់ មានផ្ទុកមេរោគអេដស៍ ដែលអត្រាភាគរយនៃការឆ្លង បានកើនឡើងដល់០,៣៩ភាគរយ។ ចំនួននេះខ្ពស់ជាងឆ្នាំ២០២៥ ដែលមានតែ០,៣៣ភាគរយប៉ុណ្ណោះ។ នេះជាសញ្ញាបញ្ជាក់ថា មេរោគអេដស៍ កំពុងបន្តបង្កការគំរាមកំហែងយ៉ាងខ្លាំង ក្នុងសហគមន៍ លើក្រុមយុវជន និងក្រុមប្រឈមខ្ពស់។ ជំងឺស្វាយ ត្រូវបានរកឃើញចំនួន៥៣៨ករណី ស្មើនឹង៧,៣២ភាគរយ ចំណែកឆ្នាំ២០២៥ មានចំនួន៥៣៣ករណី ស្មើនឹង៥,៦៧ភាគរយ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បញ្ជាក់បន្ថែមថា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ លោកអ្នកគួរទៅទទួលសេវាពិគ្រោះយោបល់ និងធ្វើតេស្តស្វែងរកមេរោគអេដស៍ និងជំងឺស្វាយ ដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទូទាំងខេត្តព្រះវិហារ។

ប្រសិនបើការធ្វើតេស្តរកឃើញមានមេរោគអេដស៍ ឬជំងឺស្វាយ លោកអ្នកនឹងទទួលបានការព្យាបាលភ្លាមៗ ដោយឱសថទំនើបដែលមានប្រសិទ្ធភាពខ្ពស់។ ចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺ និងអ្នកទទួលសេវាទាំងអស់ នឹងត្រូវបានរក្សាការសម្ងាត់យ៉ាងជិតបំផុត។ លើសពីនេះ ការការពារខ្លួន និងដៃគូរបស់លោកអ្នក ដោយប្រកាន់ភ្ជាប់នូវការប្រើប្រាស់ស្រោមអនាម័យ ឱ្យបានត្រឹមត្រូវ ជាប្រចាំរាល់ពេលរួមសមគ្គសង្វាសជាមួយដៃគូ។ មួយវិញទៀត ចៀសវាងការប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹងមុន ឬអំឡុងពេលរួមសមគ្គសង្វាស៕




