
រាជធានីភ្នំពេញ៖ កម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្ដប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២៣។ ប៉ុន្តែមកដល់ពេលនេះ ក៏នៅមានអ្នកជំងឺមួយចំនួនកំពុងគេចវេះមិនព្រមទទួលយកការព្យាបាល ខណៈរដ្ឋាភិបាលប្រាប់ឱ្យភាគីពាក់ព័ន្ធរួមគ្នាស្វែងរកអ្នកទាំងនោះ។

តាមរយៈសារលិខិតក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ«សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា គិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធីក្នុងត្រីមាសទី១ ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកផ្ទុកមេរោគអេដស៍សកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន៤៦ ២០២នាក់ (ស្មើនឹង៦៧ភាគរយ) នៃ៦៩ ៤១៣នាក់ បានទទួលបណ្ណសមធម៌។ យ៉ាងណាកម្ពុជាក៏នៅមានអ្នកផ្ទុកមេរោគអេដស៍មួយចំនួនទៀតមិនព្រមមកទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យ ហេតុនេះទាមទារឱ្យមានការចូលរួមស្វែងរកពីគ្រប់ភាគីពាក់ព័ន្ធ។ សម្តេចធិបតី ថ្លៃងក្នុងសារលិខិតថា៖ «[..]យើងទាំងអស់គ្នាត្រូវខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនប្រមាណជិត៧ ០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល និងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលកំពុងទទួលសេវាព្យាបាលថែទាំ[..]»។

ដើម្បីឆ្លើយតបបញ្ហានោះ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ត្រូវដើរតួនាទីនាំមុខ និងជាអ្នកសម្របសម្រួលកម្មវិធីបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ ដោយគ្មានការរើសអើងមាក់ងាយ និងផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះ ប្រជាជនគន្លឹះ។ តាមរយៈការទាក់ទាញក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយ អ្នកប្រើប្រាស់ គ្រឿងញៀន និងក្រុមយុវវ័យ ដែលស្ថិតនៅក្នុងក្រុមគន្លឹះ ឱ្យមកធ្វើតេស្តរកមេរោគអេដស៍ឱ្យបានច្រើនជាទីបំផុត។

បន្ថែមលើនោះ ដើម្បីឈានទៅសម្រេចជោគជ័យនៃការបង្ការ និងទប់ស្កាត់ការរីករាលដាល មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្ដល់ មធ្យោបាយបង្ការ និងផ្សព្វផ្សាយសារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ ការប្រើឱសថបង្ការ មុនការប្រឈម (PrEP) ការប្រើឱសថបង្ការក្រោយការប្រឈម (PEP) និងការធ្វើតេស្តរកមេរោគអេដស៍ជាដើម។ រួមគ្នាធ្វើយ៉ាងណាបញ្ចប់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនតាមមាគ៌ារបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា។

សូមរំឭកថា ការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្ររកឃើញថា ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះ។ ប៉ុន្តែការឆ្លងថ្មីភាគច្រើន គឺកើតឡើងក្នុងចំណោមក្រុមយុវវ័យអាយុចន្លោះពី១៥-២៤ឆ្នាំ ជាក្រុមមានការធ្លាក់ចុះនូវការយល់ដឹងពីមេរោគអេដស៍។ នេះបើតតាមសេចក្តីប្រកាសរួមរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ) និងការិយាល័យពហុប្រទេសនៃអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មានមូលដ្ឋាននៅរាជធានីភ្នំពេញ បង្ហាញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕




