
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អ៊ីម៉ុន មូសហ្វី (Eamonn Murphy) នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នា ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើការងារសំខាន់ៗ ជាពិសេស ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពសាធារណៈ…។

ក្នុងជំនួប លោក អ៊ីម៉ុន មូសហ្វី បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និង ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេស ការដាក់ចេញ និងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិ ស្តីពីគាំពារសង្គម។ ជាពិសេស លោកបានសម្ដែងការអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥ភាគរយ នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥ភាគរយ នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប) ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។

លោកនាយកប្រចាំតំបន់គូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស៧ ក្នុងពិភពលោក និងជាប្រទេសទី១ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលនេះ យ៉ាងត្រចះត្រចង់។ ដូច្នេះ លោកចង់ឱ្យកម្ពុជាចែករំលែកបទពិសោធជោគជ័យនេះបន្តទៅកាន់បណ្ដាប្រទេសក្នុងពិភពលោក ខណៈ UNAIDS នៅតែបន្តផ្ដល់នូវការគាំទ្រ ក៏ដូចជាសហការជាមួយកម្ពុជា នៅក្នុងវិស័យសុខាភិបាល ជាពិសេស គឺការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នេះ។ ជាការឆ្លើយតប សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ នៅក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ក្នុងវិស័យសុខាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។

សម្ដេចធិបតីគូសបញ្ជាក់ថា ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ក៏កម្ពុជានៅតែចាត់ទុកជំងឺអេដស៍ និងជំងឺឆ្លងនានា ជាហានិភ័យចម្បងចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច។ សម្ដេចបានលើកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ហើយរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការជាមួយអង្គការសហប្រជាជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕



