
ក្រុងច្បារមន៖ ជនជាតិបរទេសចំនួន៦៣នាក់ ភាគច្រើនជាជនជាតិចិន ត្រូវបានអាជ្ញាធរឆ្មក់ចុះបង្រ្កាប ក្រោយលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ…។

ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) ខាងលើ ធ្វើឡើងកាលពីយប់ថ្ងៃទី១៦កក្កដាម្សិលមិញ ដោយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅទីតាំងផ្ទះសំណាក់១កន្លែងដែលមានអគារចំនួន៩ ស្ថិតក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនជាតិបរទេសចំនួន៦៣នាក់ (ស្រី៤នាក់) ភាគច្រើនជាជនជាតិចិន។ ចំណែកវត្ថុតាង សមត្ថកិច្ចប្រមូលបានសម្ភារមួយចំនួន រួមមាន៖ កុំព្យូទ័រ, ទូរសព្ទ និងឧបករណ៍ សម្រាប់បម្រើឱ្យការធ្វើសកម្មភាពឆបោកតាមអនឡាញមួយចំនួនទៀតផងដែរ។

ក្រោយបង្រ្កាប និងឃាត់ខ្លួន ជនបរទេសទាំង៦៣នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងហ្លាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សូមជម្រាបថា ប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងត្រូវបានអាជ្ញាធរពាក់ព័ន្ធបើកប្រតិបត្តិការបង្រ្កាបយ៉ាងសកម្ម ក្រោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិតបតី ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី១៥កក្កដា ឆ្នាំ២០២៥។

សម្ដេចបានព្រមានថា អភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានីខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួងស្ថាប័នដែលពាក់ព័ន្ធណា មិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ នឹងត្រូវប្រឈមទណ្ឌកម្ម តាមរយៈការបញ្ចប់មុខតំណែង៕



