សម្ដេចប្រមុខរដ្ឋស្ដីទី ហៅមន្រ្តីបើកដៃឱ្យមានបទល្មើសឆបោកអនឡាញ ជា«មន្រ្តីមហន្តរាយសម្រាប់ប្រទេស»
S
Soriya Sou
14 ម៉ោងមុន


រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានប្រកាសស្វាគម៍ចំពោះការដកចោលមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលសម្ដេចចាត់ទុកជា«មន្រ្តីមហន្តរាយសម្រាប់ប្រទេស»។ សម្ដេចមានប្រសាស៍ថា ការបង្ក្រាប Online Scams ត្រូវដើរទន្ទឹមគ្នាជាមួយការដកចេញមន្ត្រីដែលជាប់ពាក់ព័ន្ធចោល...។ 

សម្ដេចតេជោ មានប្រសាស៍ថា កន្លងមកឃើញមានការដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធនោះមិនមែនត្រឹមតែដកដំណែងប៉ុណ្ណោះទេ គឺត្រូវចោទប្រកាន់តាមផ្លូវច្បាប់ ត្រូវបើកការស៊ើបអង្កេត និងចោទប្រកាន់តាមផ្លូវតុលាការថែមទៀត។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី-ខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានបង្ហើបយ៉ាងដូច្នេះថា៖«ខ្ញុំបានទទួលដំណឹងថា មានកន្លែងខ្លះដឹកពួកក្រុមអនឡាញចូលទៅក្នុងខេត្តខ្លួនទៀត[..]បើកដៃ!»។ សម្ដេចសង្កត់ធ្ងន់ថា៖«ក្រុមនេះមិនឱ្យរួចខ្លួនទេ ព្រោះជាក្រុមមហន្តរាយ ខ្ញុំអាចនិយាយថា ក្រុមនេះជាក្រុមមហន្តរាយ មន្ត្រីមហន្តរាយ បង្កើតនូវមហន្តរាយសម្រាប់ប្រទេស»។ 

សម្ដេចប្រមុខរដ្ឋស្តីទី បានជូនយោបល់ទៅកាន់ប្រមុខរាជរដ្ឋាភិបាលថា៖«ឯមួយទៀត បើចៅហ្វាយស្រុកណា ឬចៅហ្វាយខេត្តណា មិនអើពើនឹងបទល្មើសអនឡាញ កុំទុកឱ្យធ្វើចៅហ្វាយខេត្ត ចៅហ្វាយស្រុកតទៅទៀត ដកចេញទៅ»។ សូមជម្រាបថា បទល្មើសអនឡាញស្កេម កំពុងត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងក្នុងការចុះបង្រ្កាបឱ្យអស់ពីក្នុងប្រទេសកម្ពុជា ខណៈដែលកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ព្រោះត្រូវបានជនល្មើសជ្រើសយកធ្វើជាសម្បុកប្រព្រឹត្តអំពើឆបោក។ យ៉ាងណា ដូចប្រសាស៍សម្ដេចតេជោ បទល្មើសឆបោកកតាមប្រព័ន្ធបច្ចេកវិទ្យា ពិបាកនឹងបង្រ្កាបអស់ ដរាបណាមន្រ្តីដែលជាប់ពាក់ព័ន្ធបទល្មើសមួយនេះ នៅរួចខ្លួន។ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវរបូតតំណែងដំណាលគ្នា ខណៈសារព័ត៌មានមួយចំនួនបានផ្សាយថា ការដកហូតតួនាទីនេះ ទំនងជាដោយសារមិនបង្ក្រាបបទល្មើសឆបោកអនឡាញ ក្នុងដែនដីដែលខ្លួនគ្រប់គ្រង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត