
រាជធានីភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់ ហើយត្រូវបង្រ្កាបឱ្យអស់កុំឱ្យបទល្មើសទាំងនេះកើតមាននៅកម្ពុជាទៀត។

នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧កក្កដានេះ លោក ស ថេត បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពិសេសនាយកដ្ឋាន-អង្គភាពជំនាញ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់ មិនត្រូវឱ្យកើតមានភាពថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំងជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។ លោកសង្កត់ធ្ងន់ដូច្នេះថា សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការបច្ចេកទេសដើម្បីបិទវេបសាយទាក់ទងទៅនឹងការផ្សព្វផ្សាយ ក៏ដូចជាការលេងល្បែងអនឡាញនៅកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបន្ថែមថា៖ «ជាពិសេស ត្រូវរួមសហការគ្នាបង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យក្រុមទាំងអស់នេះ ត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត»។ មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារខាងលើនេះឱ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥កក្កដា។

ជាងនេះទៅទៀត មន្រ្តីប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកល្បីៗ ដើម្បីបំភ្លឺ និងឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជាពីសំណាក់ភាគីថៃ។ ត្រូវកោះអញ្ជើញមន្រ្តីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាពការណ៍បទល្មើសដែលកើតឡើងពិតប្រាកដនៅកម្ពុជា ជូនទៅដល់មន្រ្តីស្ថានទូតបានជ្រាបកាន់តែច្បាស់កុំឱ្យមានការភាន់ច្រឡំ។ នេះបើតាមការណែនាំរបស់លោក ស ថេត។

សូមជម្រាបថា រយៈពេល៦ខែ ២០២៥នេះ សមត្ថកិច្ចបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) បានចំនួន១៨លើក ក្នុងរាជធានី-ខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្សបានចំនួន២៤១៨នាក់។ ក្នុងនោះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៧៣នាក់ និងបណ្ដេញចេញចំនួន២៣២២នាក់ មានទាំង៖ ជនជាតិខ្មែរ ,ចិន ,ថៃ ,មីយ៉ាន់ម៉ា ,វៀតណាម , ឡាវ, ឥណ្ឌា ,ប៉ាឡេស្ទីន, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាដើម។ យ៉ាងណាក៏ដោយ ការបង្រ្កាបបទល្មើសបច្ចេកវិទ្យាកន្លងមក ត្រូវបានគេមើលឃើញមិនទាន់មានប្រសិទ្ធភាពនៅឡើយ ជាហេតុនាំឱ្យសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដាក់ចេញវិធានការបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ឱ្យមានប្រសិទ្ធភាព ហើយបើមន្រ្តីរូបណាមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ នឹងត្រូវបញ្ចប់មុខតំណែង។

ក្រោយនាយករដ្ឋមន្រ្តីចេញបញ្ជា គេឃើញអាជ្ញាធររាជធានី-ខេត្ត ចាប់ផ្ដើមប្រតិបត្តិការចុះបង្រ្កាបបទល្មើសអនឡាញយ៉ាងសកម្ម។ ជាក់ស្ដែងគ្រាន់តែ១យប់ថ្ងៃទី១៦កក្កដា អាជ្ញាធររាជធានីខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តក្រចេះ បានប្រតិបត្តិការបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ចំនួន៥ទីតាំងធំៗ និងបានឃាត់ខ្លួនជនបរទេសបានចំនួនជិត៨០០នាក់៕



