
រាជធានីភ្នំពេញ៖ លោក អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៧តុលា ឆ្នាំ២០២៦ ម្សិលមិញ បានថ្លែងសុំទោស និងស្នើសុំមនោសញ្ចេតនាយល់យោគពីកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីត្រូវជួបការលំបាកដោយសារពលរដ្ឋឥណ្ឌូណេស៊ីមួយចំនួន បានចូលមកប្រព្រឹត្តបទល្មើស ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...។

នៅចំពោះមុខប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ឥណ្ឌូណេស៊ី បានគូសរំលេចអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អបន្ទាន់ជាមួយកម្ពុជា ពិសេសលើការស្រាវជ្រាវ ឃាត់ និងបញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការមើលថែទាំជនជាតិឥណ្ឌូណេស៊ីមួយចំនួនទៀតដែលកំពុងស្នាក់នៅមណ្ឌល ត្រៀមបណ្ដេញចេញ។ លោកទទួលស្គាល់ថា បញ្ហាទាំងនេះ ជាការបង្កផលលំបាកឱ្យកម្ពុជា ត្រូវខិតខំដោះស្រាយ។ ពាក្យសុំទោសរបស់ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកជារឿងកម្រ ប៉ុន្តែពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍ថា បញ្ហាទាំងនេះ មិនមែនមានតែជនជាតិឥណ្ឌូណេស៊ីនោះទេ ប៉ុន្តែក៏បង្កឡើងដោយជនជាតិផ្សេងទៀត រួមទាំងពលរដ្ឋកម្ពុជាផងដែរ។ លោកចាត់ទុកបញ្ហានេះថា ជាមូលហេតុកើតចេញពីសារជាតិរបស់បុគ្គលមនុស្សម្នាក់ៗ។ លោក ស សុខា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«សម្រាប់កម្ពុជា រាជរដ្ឋាភិបាលមានឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយបញ្ហានេះ ដោយពុំបានដើរចង្អុលមុខចោទប្រកាន់ភាគីណាមួយឡើយ ផ្ទុយទៅវិញ បានបោះដៃប្រកៀកស្មា បង្កើតយន្តការសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងពហុភាគី»។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូណេស៊ី ជាពិសេស ការជួបប្រជុំគ្នារវាងប្រតិភូឥណ្ឌូណេស៊ី ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ យោងតាមលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា លោក ស សុខា បានប្រកាសគាំទ្រ ការរៀបចំកិច្ចប្រជុំទ្វេភាគីដូចគ្នានេះ នៅប្រទេសឥណ្ឌូណេស៊ី នាឆ្នាំក្រោយ ដោយបានផ្ដល់អនុសាសន៍ឱ្យភាគីទាំងពីរ រៀបចំទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងកម្រិតអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕




