ចៅហ្វាយស្រុកមុខកំពូល កោះហៅម្ចាស់រថយន្តខ្នាតយក្សឱ្យចូលខ្លួនដោះស្រាយ ក្រោយដឹកថ្មម៉ាបធ្លាក់ជាច្រើនដុំ ធ្វើឱ្យខូចស្ពានព្រែកតាមាក់
Chanmarady Chuon
•
មួយថ្ងៃមុន

ខេត្តកណ្តាល៖ អាជ្ញាធរស្រុកមុខកំពូល (ខេត្តកណ្តាល) បានចេញបញ្ជាឱ្យម្ចាស់រថយន្តសណ្តោងរ៉ឺម៉កខ្នាតយក្សមួយគ្រឿង ចូលខ្លួនមកដោះស្រាយជាបន្ទាន់ បន្ទាប់ពីរថយន្តនោះដឹកជញ្ជូនខ្វះលក្ខណៈបច្ចេកទេស បណ្ដាលឱ្យធ្លាក់ថ្មម៉ាបជាច្រើនដុំលើស្ពានព្រែកតាមាក់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ…។

តាមរយៈទិដ្ឋភាពកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅលើដងផ្លូវ បានបង្ហាញឱ្យឃើញថា រថយន្តសណ្តោងរ៉ឺម៉កខ្នាតយក្សខាងលើ បានធ្វើដំណើរចេញពីស្រុកខ្សាច់កណ្តាល ឆ្លងកាត់ស្ពានព្រែកតាមាក់ បន្តឆ្ពោះទៅកាន់ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងគោលបំណងបន្តដំណើរចូលមករាជធានីភ្នំពេញ។ លុះមកដល់ចំណុចផ្លូវកោងនៅលើស្ពាន រថយន្តបានបួងចង្កូតបណ្ដាលឱ្យធ្លាក់ថ្មម៉ាបជាច្រើនដុំមកលើផ្លូវស្ពាន បង្កឱ្យមានការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះ ម្ចាស់រថយន្តមិនបានឈប់ដើម្បីទទួលខុសត្រូវ ឬដោះស្រាយនោះទេ ដោយបានបើករថយន្តចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល បានស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណរថយន្តបង្ក និងបានចេញបញ្ជាឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាបន្ទាន់។ លោកអភិបាលស្រុក បានសង្កត់ធ្ងន់លើបណ្តាញសង្គមផ្លូវការរបស់លោកថា ៖ «សូមអញ្ជើញម្ចាស់រថយន្តកុងតឺន័រស្លាកលេខ ភ្នំពេញ 3F-9415 ចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល»។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ មានរយៈពេលពីរថ្ងៃហើយក្រោយកើតហេតុ តែសមត្ថកិច្ចនៅមិនទាន់ទទួលបានដំណឹង ឬការចូលខ្លួនមកសារភាពពីម្ចាស់រថយន្តបង្កនៅឡើយទេ។

លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល  
លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល  

ផ្អែកតាមផ្លូវច្បាប់ អំពើដែលធ្វើឱ្យខូចខាតដល់ផ្លូវ និងស្ពាន ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺជាបទល្មើសព្រហ្មទណ្ឌដែលមានស្ថានទម្ងន់ទោស។ ជនល្មើសដែលបង្កការបំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាត នឹងត្រូវទទួលទោស ទៅតាមមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងស្ថានទម្ងន់ទោសនៃបទល្មើសធ្វើឱ្យខូចខាតដោយចេតនា។ មាត្រានេះ កំណត់ពីការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត