
រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានបើកប្រត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើហិង្សាចំនួន២ផ្សេងគ្នា ដែលបានកើតឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពួកគេ នឹងរងចំណាត់ការតាមផ្លូវច្បាប់...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាប ហើយឃាត់ខ្លួនក្មេងនើង៧នាក់ ដែលប្រព្រឹត្តអំពើហិង្សា២ករណីផ្សេងគ្នា នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់កាកាបទី២។ ករណីទី១៖ ជាអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលក្រុមក្មេងទំនើង ប្រើប្រាស់កាំបិត និងអាវុធកាប់ប្រហារ បណ្តាលឱ្យមានរបួសស្នាម។ អំពើហិង្សានេះ ផ្តើមចេញពីជម្លោះ និងការខឹងសម្បាដាក់គ្នា។

ករណីទី២៖ ជាករណីហិង្សាប្រដាប់ដោយអាវុធ ឬវត្ថុរឹង ដែលក្រុមជនសង្ស័យ បានរួមដៃគ្នាចុះវាយប្រហារទៅលើភាគីជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់។ បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងខាងលើ ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងហើយ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់មួយចំនួនទៀតដែលគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕





