«មហារីកសុដន់» ស្ថិតនៅលំដាប់ទី១ ដែលកើតមានលើស្ត្រីកម្ពុជា
អ
អុន សម្ផស្ស
•
2 ថ្ងៃមុន

រាជធានីភ្នំពេញ៖ មហារីកសុដន់ ស្ថិតនៅលំដាប់ទី១ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតមានចំពោះស្ត្រីនៅប្រទេសកម្ពុជា។ មហារីកសុដន់ មិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត ទំនុកចិត្តលើខ្លួនឯង និងគុណភាពជីវិតរបស់អ្នកជំងឺ..។

មន្ទីរពេទ្យកាល់ម៉ែត ប្រកាសព័ត៌មាននៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យអ្នកជំងឺ មកពិគ្រោះបញ្ហាសុខភាព និងទទួលការពិនិត្យ ព្យាបាលជាមួយក្រុមគ្រូពេទ្យពហុឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងក្ដីសង្ឃឹម។ ជាមួយគ្នាក្នុងករណីអ្នកជំងឺត្រូវការវះកាត់យកសុដន់ចេញ (Mastectomy) ដើម្បីព្យាបាលជំងឺមហារីក និងការស្តាររូបរាងសុដន់ឡើងវិញ (Breast Reconstruction) គឺជាជម្រើសមួយដែលអាចជួយស្តាររូបរាងកាយ និងលើកកម្ពស់ទំនុកចិត្តរបស់អ្នកជំងឺឡើងវិញ។

ការវះកាត់យកសុដន់ចេញទាំងសងខាង (Bilateral Mastectomy) និងការស្តាររូបរាងសុដន់ដោយប្រើឧបករណ៍ផ្សាំ (Implant-Based Breast Reconstruction) អាចត្រូវបានពិចារណា ចំពោះអ្នកជំងឺដែលមានការចង្អុលបង្ហាញផ្នែកវេជ្ជសាស្ត្រសមស្រប ដូចជាករណីមានមហារីកសុដន់ទាំងសងខាង ឬមានហានិភ័យខ្ពស់ក្នុងការកើតមហារីកសុដន់ថ្មី ដោយផ្អែកលើកត្តាហ្សែន និងការវាយតម្លៃរបស់ក្រុមគ្រូពេទ្យជំនាញ។ ការយល់ដឹងពីជំងឺ ការពិនិត្យរកឃើញទាន់ពេលវេលា និងការទទួលបានការព្យាបាលត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ លើសពីការព្យាបាលជំងឺ ការស្តាររូបរាងសុដន់ក៏ជាផ្នែកមួយដែលអាចជួយឱ្យអ្នកជំងឺមានទំនុកចិត្ត និងបន្តជីវិតប្រចាំថ្ងៃប្រកបដោយគុណភាពផងដែរ។

មន្ទីរពេទ្យកាល់ម៉ែតពន្យល់ថា ការស្តាររូបរាងសុដន់ដោយប្រើ Implant មានពីរវិធីសាស្ដ្រសំខាន់ៗ រួមមាន៖ Direct-to-Implant Reconstruction៖ ការដាក់ Implant ភ្លាមៗក្នុងពេលវះកាត់យកសុដន់ចេញ ប្រសិនបើស្ថានភាពស្បែក និងជាលិកាសុដន់អំណោយផល និងអាចធានាសុវត្ថិភាពបាន។ wo-Stage Reconstruction៖ ការដាក់ឧបករណ៍ពង្រីកជាលិកា (Tissue Expander) ជាមុន ដើម្បីពង្រីកស្បែក និងជាលិកា មុននឹងប្តូរទៅដាក់ Implant នៅដំណាក់កាលបន្ទាប់។

គួរបញ្ជាក់ថា មិនមែនអ្នកជំងឺមហារីកសុដន់គ្រប់រូបសុទ្ធតែត្រូវការវះកាត់យកសុដន់ទាំងសងខាង ឬអាចទទួលការស្តាររូបរាងសុដន់ដោយប្រើ Implant បាននោះទេ។ ការជ្រើសរើសវិធីព្យាបាលត្រូវផ្អែកលើដំណាក់កាលនៃជំងឺ លក្ខណៈជីវសាស្ត្ររបស់ដុំសាច់ ស្ថានភាពសុខភាពអ្នកជំងឺ និងផែនការព្យាបាលបន្ត រួមទាំងការព្យាបាលដោយកាំរស្មី ប្រសិនបើចាំបាច់។ នៅមន្ទីរពេទ្យកាល់ម៉ែត ការរៀបចំផែនការព្យាបាលជំងឺមហារីកសុដន់ ត្រូវបានធ្វើឡើងតាមរយៈការពិភាក្សារួមគ្នារបស់ក្រុមគ្រូពេទ្យពហុឯកទេស (Multidisciplinary Team) ដោយរួមបញ្ចូលការធ្វើរោគវិនិច្ឆ័យ ការវះកាត់ ការព្យាបាលដោយថ្នាំគីមី និងការថែទាំផ្លូវចិត្ត ដើម្បីផ្ដល់ជូនអ្នកជំងឺនូវផែនការព្យាបាលដែលសមស្របតាមស្ថានភាពជំងឺ និងតម្រូវការរបស់បុគ្គលម្នាក់ៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត