ជាប់ឃុំ តែមានឱកាសរៀនសូត្រ! អ្នកទោសជិត៦០នាក់នៅពន្ធនាគារខេត្តត្បូងឃ្មុំ ត្រៀមប្រឡងយកវិញ្ញាបនបត្រជំនាញ
Chanmarady Chuon
•
13 ម៉ោងមុន

ខេត្តត្បូងឃ្មុំ៖ ជាប់ពន្ធនាគារ តែក្ដីសង្ឃឹម និងឆន្ទៈក្នុងការកែប្រែខ្លួនឡើងវិញ នៅតែមាន! មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានសហការរៀបចំការប្រឡងបញ្ចប់វគ្គជូនដល់សិក្ខាកាមជាទណ្ឌិតជិត៦០នាក់ នៅពន្ធនាគារខេត្តត្បូងឃ្មុំ បន្ទាប់ពីពួកគេបានខិតខំក្រេបជញ្ជក់ចំណេះជំនាញលើផ្នែកអេឡិចត្រូនិច, បរិក្ខារគ្រឿងត្រជាក់ និងគ្រឿងយន្ត អស់រយៈពេល៦ខែពេញ ដោយជោគជ័យ…។

បើតាមការឱ្យដឹងពីពន្ធនាគារខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ព្រែក វីរៈ ប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរ បានសហការជាមួយលោក កៅ ចាន់ណា ប្រធានការិយាល័យដេប៉ាតេម៉ង់អគ្គិសនី នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ព្រមទាំងសហការីចំនួន២រូប រៀបចំការប្រឡងជូនសិក្ខាកាមជាទណ្ឌិតសរុបចំនួន៥៥នាក់។ ការប្រឡងនេះត្រូវបានបែងចែកជា៣មុខជំនាញសំខាន់ៗ រួមមាន ៖ ទី១. ថ្នាក់សេវាកម្ម និងជួសជុលបរិក្ខារគ្រឿងត្រជាក់ មានសិក្ខាកាមចំនួន១៨នាក់, ទី២. ថ្នាក់ថែទាំ និងជួសជុលទោចក្រយានយន្ត មានសិក្ខាកាមចំនួន១៨នាក់, និងទី៣. ថ្នាក់តបណ្តាញអគ្គិសនីក្នុងអគារ មានសិក្ខាកាមចំនួន១៩នាក់។

គួររំលឹកផងដែរថា ផ្អែកលើគោលនយោបាយស្តារនីតិសម្បទាទណ្ឌិតនៅក្នុងពន្ធនាគារ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបន្តជំរុញការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំបានរហូតដល់ជាង៨១០០នាក់ (ស្រីជាង៧០០នាក់)។ ការបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងបំពាក់បំប៉នបំណិនជីវិតយ៉ាងពិតប្រាកដ ដើម្បីឱ្យពួកគេអាចយកទៅប្រកបបរចិញ្ចឹមជីវិតដោយស្មោះត្រង់ ពេលទទួលបានសេរីភាពត្រឡប់ទៅសង្គមវិញ។ ក្នុងនោះ មានជនជាប់ឃុំចំនួន២៦២នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញជាផ្លូវការរួចរាល់ហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត