ខ្វះកម្លាំងខ្លាំងពេក ថៃ ស្ទុះស្ទាទៅរកពលករដល់ស្រីលង្កា១ម៉ឺននាក់
Mao Sopha
•
5 ម៉ោងមុន

រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ អនុម័តផែនការជ្រើសរើសពលករពីប្រទេសស្រីលង្កាចំនួន១ម៉ឺននាក់ក្នុងដំណាក់កាលដំបូង ដើម្បីបំពេញតម្រូវការកម្លាំងពលកម្ម ក្នុងវិស័យមួយចំនួន ដែលកំពុងប្រឈមនឹងការខ្វះខាតជាខ្លាំង។ ការសម្រេចនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការងាររវាងប្រទេសទាំងពីរ...។

សារព័ត៌មានថៃ ខាវសត ចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ចុលៈភ័ណ្ឌ អមរវិវឌ្ឍន៍ (จุลพันธ์ อมรวิวัฒน์) ថា គណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេស បានអនុម័តជ្រើសរើសពលករស្រីលង្កា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ។ លោក បន្តថា រាជរដ្ឋាភិបាលថៃ ចង់ពង្រីកប្រភពជ្រើសរើសពលករបរទេស ហើយស្រីលង្កា ជាប្រទេសមួយ ដែលថៃដាក់គោលដៅជ្រើសរើសកម្លាំងពលករ។ 

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការងារជាមួយស្រីលង្កា កាលពីខែកញ្ញា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងនេះ កំណត់នីតិវិធីសម្រាប់ការជ្រើសរើសពលករ កិច្ចសន្យាការងារ ការពិនិត្យសុខភាព និងការបញ្ជូនពលករត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយបញ្ចប់កិច្ចសន្យា។ តាមក្របខ័ណ្ឌនេះ ពលករត្រូវចុះកិច្ចសន្យាដោយផ្ទាល់ជាមួយនិយោជក (ថៅកែ) ត្រូវមានលិខិតអនុញ្ញាតការងារ និងការធានារ៉ាប់រងសុខភាព មុនធ្វើដំណើរចូលប្រទេសថៃ។

កិច្ចសន្យាការងារមានរយៈពេល២ឆ្នាំ និងអាចបន្តបាន២ឆ្នាំទៀត (សរុបអាចបាន៤ឆ្នាំ)។ កិច្ចព្រមព្រៀងខាងលើ ក៏មានគោលដៅទប់ស្កាត់ការជ្រើសរើសពលករខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។ ជាការកត់សម្គាល់ ចាប់តាំងពីថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ក្នុងអំឡុងឆ្នាំ២០២៥មក ពលករកម្ពុជា ក្បែរ១លាននាក់ ក៏ចាប់ផ្តើមចាកចេញវិលមកមាតុភូមិវិញ ដែលជាហេតុធ្វើឱ្យថៃមានវិបត្តិខ្វះខាតកម្លាំងពលកម្មមួយផ្នែកធំ ហើយរហូតមដល់បច្ចុប្បន្ន ថៃនៅមិនទាន់អាចដោះស្រាយ និងបំពេញតម្រូវការកម្លាំងពលកម្មនេះវិញនោះទេ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត