
រាជធានីបាងកក៖ ភាពតានតឹងនៅតាមព្រំដែន រវាងប្រទេសថៃ និងភូមា ក៏ដូចជាការបង្ខិតបង្ខំពីរបបយោធា នៃរដ្ឋាភិបាលរដ្ឋធានីណៃពិដោ ទៅលើប្រជាជនរបស់ខ្លួន ដែលកំពុងបំពេញការងារ នៅក្នុងប្រទេសថៃនោះ ទើបប្រធានអង្គការការពារសិទ្ធិការងារ បានព្រមាន អំពីសេដ្ឋកិច្ចប្រទេសថៃ អាចនឹងដួលរលំ ប្រសិនបើពលករភូមា វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

សារព័ត៌មានថៃ ខាវសដ បានចេញផ្សាយនៅល្ងាចថ្ងៃសុក្រទី៦ ខែវិច្ឆិកាថា ប្រធានអង្គការសិទ្ធិការងារ បានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងជួបប្រទះនូវការរំខានយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពលករចំណាកស្រុកជនជាតិភូមា ត្រូវបង្ខំឱ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ ជាមួយគ្នា គាត់បានជំរុញឱ្យរាជរដ្ឋាភិបាលថៃ ធ្វើកំណែទម្រង់ប្រព័ន្ធចុះបញ្ជី តាមអ្វីដែលគាត់បានអះអាងថា ធ្វើឱ្យពលករទាំងនោះ ងាយរងគ្រោះ នឹងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ និងការគំរាមកំហែង ដែលអាចកើតមានពីរដ្ឋាភិបាលយោធាភូមា។

លោក វីរៈ សែងថង (วีระ แสงทอง) មេដឹកនាំក្រុមពលករចំណាកស្រុក«អនាគតភ្លឺថ្លា» បានប្រាប់សារព័ត៌មានពាណិជ្ជកម្មប្រជាជាតិ នៅក្នុងបទសម្ភាសមួយថា ពលករភូមា គឺជាផ្នែកដ៏សំខាន់មួយនៃកម្លាំងពលកម្ម នៅក្នុងប្រទេសថៃ ជាពិសេស នៅក្នុងវិស័យផលិតកម្ម នេសាទ ការកែច្នៃអាហារសមុទ្ទ និងវិស័យលក់រាយ។ ប្រសិនបើពលករទាំងអស់ នាំគ្នាវិលត្រឡប់ទៅប្រទេសកំណើតវិញ វានឹងប្រៀបដូចជាសេះប្រណាំងមួយក្បាលដែលដួលភ្លាមៗ នៅកណ្តាលទីលានប្រណាំង។ អាជីវកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមិនអាចបន្តដំណើរទៅមុខបានឡើយ។ ពលករមកពីប្រទេសភូមា គឺជាកម្លាំងពលកម្មបរទេសដ៏សំខាន់បំផុតរបស់ប្រទេសថៃ។ ប្រសិនបើគ្មានពួកគេទេ សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងត្រូវជាប់គាំងមួយរយៈ។

ការព្រមានរបស់មេដឹកនាំក្រុមពលករចំណាកស្រុក«អនាគតភ្លឺថ្លា» កើតឡើងចំពេលមានភាពចម្រូងចម្រាស កាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលចេញលិខិតបញ្ជាក់អត្តសញ្ញាណ (CI) របស់ប្រទេសភូមា នៅក្នុងប្រទេសថៃ ខណៈពលករចំណាកស្រុកភូមា ចាំបាច់ត្រូវតែប្រើប្រាស់វា ជានីតិវិធីមួយ សម្រាប់បញ្ជាក់សញ្ជាតិ និងរក្សាស្ថានភាពការងារស្របច្បាប់របស់ពួកគេ។ លោក វីរៈ សែងថង បានបន្ថែមថា ប្រព័ន្ធនេះ បង្កជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរខ្លាំង ដល់ពលករ និងនិយោជកថៃ ខណៈអនុញ្ញាតឱ្យលុយហូរទៅកាន់អាជ្ញាធរយោធា នៃប្រទេសភូមា។ ពលករភូមា ត្រូវប្រឈមនឹងការបង់ថ្លៃសេវាជាច្រើន ពាក់ព័ន្ធនឹងដំណើរការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ (CI) រួមទាំងពន្ធ២ភាគរយ កំណត់ដោយរដ្ឋាភិបាលភូមា និងតម្រូវឱ្យបញ្ជូនប្រាក់ចំនួន២៥ភាគរយ នៃប្រាក់ចំណូលរបស់ពួកគេ វិលត្រឡប់ទៅកាន់ប្រទេសភូមាវិញ។

លោក វីរៈ សែងថង សង្កត់ធ្ងន់ថា ពន្ធ២ភាគរយនេះ គឺគណនាលើប្រាក់ខែប្រចាំខែ ចំនួន៧៥០០បាត(លុយថៃ) ឬប្រមាណ២២៤៣ដុល្លារអាម៉េរិក ដែលស្មើនឹង១៥០បាត ឬជិត៤,៥ដុល្លារក្នុងមួយខែ និងប្រមាន១០៥ដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ។ ទោះយ៉ាងណា ថ្លៃសេវាដែលត្រូវបង់តាមរយៈអ្នកផ្តល់សេវាកម្ម និងអ្នកសម្របសម្រួលនានា អាចធ្វើឱ្យការចំណាយកើនឡើង ដល់៦៥០០បាត ឬប្រមាណ១៩៤ដុល្លារ ខណៈការបង់ប្រាក់បន្ថែមទៅឱ្យភ្នាក់ងារមេខ្យល់ អាចធ្វើឱ្យការចំណាយកើនឡើង ចន្លោះពី២០០០ ទៅ៣០០០បាត ឬប្រមាណពី៥០-៩០ដុល្លារអាម៉េរិក។ ពលករភូមា ក៏ត្រូវចំណាយលើកាតឆ្លាតវៃ (Smart Cards) ទិដ្ឋាការ និងការរៀបចំឯកសារការងារផ្សេងៗ រួមទាំងថ្លៃសេវាភ្នាក់ងារមេខ្យល់ ដែលមានតម្លៃចាប់ពី៥៥០០ ដល់១០០០០បាត ឬប្រមាណពី១៦៤ ទៅ៣០០ដុល្លារ នៅក្នុងតំបន់មួយចំនួន នៃខេត្តជលបុរី (ชลบุรี)។

មេដឹកនាំក្រុមពលករចំណាកស្រុក«អនាគតភ្លឺថ្លា» បានប៉ាន់ប្រមាណថា បន្ទុកហិរញ្ញវត្ថុសរុបអាចមានចំនួនប្រហែល៣ម៉ឺនបាត ឬប្រហែល៨៩៧ដុល្លារអាម៉េរិក សម្រាប់ពលករម្នាក់ៗ។ ជាមួយគ្នារ លោកក៏បានរិះគន់ដល់ប្រព័ន្ធគ្រប់គ្រងការផ្ញើប្រាក់ទៅគ្រួសារ (Family Remittance Management System ឬ FRMS) របស់ប្រទេសភូមា ដែលតម្រូវឱ្យពលករផ្ញើប្រាក់ចំនួន២៥ភាគរយ នៃប្រាក់ចំណូលរបស់ពួកគេ ត្រឡប់ទៅកាន់ប្រទេសភូមាវិញ។ ប្រព័ន្ធបែបនេះ ផ្តល់នូវអត្រាប្តូរប្រាក់ដែលមិនផ្តល់ផលចំណេញ ហើយក៏មិនមានការធានាគ្រប់គ្រាន់ថា ប្រាក់ទាំងនោះ នឹងទៅដល់ដៃក្រុមគ្រួសាររបស់ពលករ៕


