
រដ្ឋធានីហ្សាការតា៖ បណ្ដាគណបក្សនយោបាយជាច្រើនរបស់ឥណ្ឌូណេស៊ី កំពុងពិចារណាឱ្យមានការស៊ើបអង្កេតមួយ តាមរយៈសភា ពាក់ព័ន្ធនឹងភាពត្រឹមត្រូវ នៃសញ្ញាបត្ររបស់អនុប្រធានាធិបតី លោក ជីប្រាន រ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) ចំពេលការប្រេះឆា រវាងលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) និងអ្នកកាន់តំណែងមុនរបស់លោក គឺអតីតប្រធានាធិបតី លោក ចូកូ វីដូដូ (Joko Widodo) ត្រូវជាឪពុករបស់អនុប្រធានាធិបតី លោក ជីប្រាន កាន់តែមានសភាពធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មានសិង្ហបុរី Asia One បានចេញផ្សាយនៅរសៀលថ្ងៃសុក្រទី៦ ខែវិច្ឆិកា...។

សំណើនេះ កើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ និងតុលាការកំពូល បានសម្រេចថា ឯកសារបញ្ជាក់ការសិក្សានៅវិទ្យាល័យពីបរទេសរបស់អនុប្រធានាធិបតី លោក ជីប្រាន រ៉ាកាប៊ូមីង រ៉ាកា មិនបានបំពេញតាមលក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់ក្នុងប្រទេស សម្រាប់បេក្ខជនអនុប្រធានាធិបតី ហើយត្រូវបានមន្ត្រីរៀបចំការបោះឆ្នោត ទទួលយក ដោយមិនត្រឹមត្រូវ។ ករណីដែលជំរុញឱ្យមានការស៊ើបអង្កេតបែបនេះ កើតឡើងបន្ទាប់ពីការចាប់ខ្លួនលោកនាយឧត្ដមសេនីយ៍ លីស្ទីយ៉ូ ស៊ីហ្គីត ប្រាប៉ូវ៉ូ (Listyo Sigit Prabowo) ប្រធានខុទ្ទកាល័យរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ពាក់ព័ន្ធនឹងរឿងអាស្រូវលួចស្ដាប់ការសន្ទនារបស់លោកប្រធានាធិបតី ដែលរដ្ឋាភិបាល បានលើកឡើងថា សកម្មភាពបែបនេះ «អាចចាត់ទុកជាអំពើក្បត់ជាតិ»។ លោក លីស្ទីយ៉ូ ធ្លាប់កាន់តំណែងជាអគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ីផងដែរនោះ ត្រូវបានគេស្គាល់ថា ជាបុគ្គលមានភក្ដីភាព ចំពោះអតីតប្រធានាធិបតី លោក វីដូដូ។

គណបក្សនយោបាយចំនួន៧ នៅក្នុងចំណោមគណបក្ស៨ មានអាសនៈនៅក្នុងសភា បានចូលរួមជាមួយសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ធ្វើឱ្យលោកទទួលបានសំឡេងភាគច្រើន។ ប៉ុន្ដែទាំងលោក ចូកូវី (Jokowi) និងលោក ជីប្រាន មិនមានគណបក្សណាមួយ តំណាងឱ្យពួកគេនៅក្នុងសភានោះឡើយ។ ក្រុមមន្ត្រីជាច្រើន បានឱ្យដឹងថា គណបក្សនយោបាយចំនួន៣ នៅក្នុងក្រុមរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ និងគណបក្សមួយផ្សេងទៀត ដែលនៅក្រៅសម្ព័ន្ធភាពនេះ បានលើកឡើងថា ពួកគេកំពុងពិចារណាលើជម្រើសសកម្មភាពនីតិប្បញ្ញត្តិចំនួន៣។ បើតាមរដ្ឋធម្មនុញ្ញរបស់ឥណ្ឌូណេស៊ី សមាជិកសភា អាចស្នើសុំការពន្យល់ដល់រដ្ឋាភិបាល ចាប់ផ្តើមការស៊ើបអង្កេត ឬបង្ហាញពីគោលជំហរជាផ្លូវការ ទាក់ទងនឹងការចោទប្រកាន់ អំពីការរំលោភបំពានលើច្បាប់ ឬរដ្ឋធម្មនុញ្ញ។

ជម្រើសនីមួយៗ អាចជាជំហានដំបូង ឆ្ពោះទៅរកដំណើរការដកតំណែង។ ទោះជាយ៉ាងណាក៏ដោយ មិនមានគណបក្សណាមួយ ដែលពាក់ព័ន្ធបានលើកឡើង អំពីលទ្ធភាព នៃការដកតំណែងនោះឡើយ។ លោក មូហាមម៉េដ ខូលីដ (Muhammad Kholid) មន្ត្រីជាន់ខ្ពស់នៃគណបក្សយុត្តិធម៌រុងរឿងបានបញ្ជាក់ថា៖«បច្ចុប្បន្ន យើងកំពុងពិនិត្យមើលជម្រើសទាំងនេះ ហើយក៏កំពុងពិភាក្សាជាមួយគណបក្សនយោបាយផ្សេងៗទៀត»។ លោក មូហាមម៉េដ ខូលីដ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters ថា គណបក្សភាគច្រើន បានឯកភាពគ្នាថា សេចក្តីសម្រេចរបស់តុលាការទាំងពីរនេះ ត្រូវតែមានចំណាត់ការបន្ត ដោយរដ្ឋសភា។ លោក មូហាមមេដ កូហ្ស៊ី (Muhammad Khozin) មន្ត្រីនៃគណបក្សជាតិភ្ញាក់រឭក (National Awakening Party) ជាគណបក្សមួយ នៅក្នុងក្រុមសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ បានបញ្ជាក់ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណបក្សរបស់លោក កំពុងពិចារណាលើជម្រើសទាំងបី«យ៉ាងយកចិត្តទុកដាក់»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោក អះម៉ាដ ដូលី ឃួនៀ (Ahmad Doli Kurnia) សមាជិកសភា មកពីគណបក្សហ្គោលការ (Golkar) បានលើកឡើងថា ការបង្ហាញគោលជំហរជាផ្លូវការ គឺជាការឆ្លើយតបដ៏សមស្របបំផុត ចំពោះសេចក្តីសម្រេចរបស់តុលាការ។ ជាមួយគ្នា គណបក្សប្រជាធិបតេយ្យឥណ្ឌូណេស៊ីសម្រាប់ការតស៊ូ (Indonesian Democratic Party of Struggle) ដែលជាគណបក្សតែមួយគត់ នៅក្រៅសម្ព័ន្ធភាពរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ បានលើកឡើងថា ការមិនពេញចិត្តរបស់សាធារណជន កាលពីពេលថ្មីៗ កើតចេញពីរឿងសញ្ញាបត្ររបស់អនុប្រធានាធិបតី លោក ជីប្រាន ព្រមទាំងករណីលួចស្ដាប់ទូរសព្ទរបស់ប្រធានាធិបតី ទើបជំរុញឱ្យសមាជិកសភា ចាត់វិធានការ៕




