
រាជធានីបាងកក៖ ប្រជាពលរដ្ឋថៃរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខេត្តនគរស្រីធម្មរាជ (นครศรีธรรมราช) កាលពីថ្ងៃទី៥វិច្ឆិកា ដើម្បីចូលរួមជាមួយមេដឹកនាំក្រុមចលនារបស់ខ្លួន ក្នុងការធ្វើដំណើរទៅធ្វើបាតុកម្មទ្រង់ទ្រាយធំក្នុងរាជធានីបាងកក។ គោលបំណងសំខាន់របស់ពួកគេ គឺទាមទារឱ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន១០បាតក្នុង១លីត្រ ព្រមទាំងដោះស្រាយបញ្ហាគ្រឿងញៀន ជាដើម។

សារព័ត៌មានថៃរ៉ាត់ ផ្សាយថា លោក ម៉ាណូ គ្រឿកែវ (มโน เครือแก้ว) ជាមេភូមិ និងជាមេដឹកនាំសម្ព័ន្ធចលនាប្រជាជន ដើម្បីការពារមាតុភូមិ (People's Revolution Coalition to Protect the Land) បានទៅដល់ទីតាំងប្រមូលផ្តុំ ដែលលោក និងប្រជាពលរដ្ឋណាត់ជួបគ្នា។ ដោយសារប្រជាពលរដ្ឋមានចំនួនច្រើនដល់រាប់ពាន់នាក់ ក៏បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍។ ក្រុមអ្នកតវ៉ា បានរៀបចំវេទិកានៅលើរថយន្តភីកអាប់ ដោយលោក ម៉ាណូ និងមេដឹកនាំផ្សេងទៀត បានថ្លែងសុន្ទរកថាអស់រយៈពេលប្រមាណ៣ម៉ោង មុនពេលចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់រាជធានីបាងកក។ លោក ម៉ាណូ ថ្លែងថា ការតវ៉ានេះ ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋជាបន្ទាន់។

ការទាមទារជាចម្បង គឺសុំឱ្យបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន១០បាតក្នុង១លីត្រ និងចាត់វិធានការកម្ចាត់គ្រឿងញៀន ដែលកំពុងរីករាលដាល។ លោក ប្រកាសថា ប្រជាពលរដ្ឋ កំពុងរងសម្ពាធពីតម្លៃប្រេងឥន្ធនៈ និងទំនិញឡើងថ្លៃ ខណៈប្រាក់ឈ្នួលនៅទ្រឹង ហើយជួបបញ្ហាអត់ការងារធ្វើថែមទៀត។ ចេញពីខេត្តនគរស្រីធម្មរាជ ក្រុមអ្នកតវ៉ា មិនទាន់ទៅដល់រាជបាងកកនោះទេ។ ពួកគេ រៀបចំសម្រាក១យប់សិន នៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងខេត្តសុរាស្ត្រធានី (สุราษฎร์ธานี) ហើយក៏បានរៀបចំការថ្លែងសុន្ទរកថា នៅទីនោះដែរ មុននឹងបន្តដំណើរទៅកាន់វិមានរាជរដ្ឋាភិបាលក្នុងរាជធានីបាងកក នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ដើម្បីដាក់សំណើទាមទាររបស់ពួកគេទៅកាន់នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរាប់ចាប់តាំងពីពេលបង្កសង្គ្រាមឈ្លានពានកម្ពុជាផងនោះ សេដ្ឋកិច្ចថៃ ក៏ចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុក រហូតប្រែឈ្មោះជាខ្លាសេដ្ឋកិច្ច មកជាអ្នកជំងឺអាស៊ី។ ចំណែកបញ្ហាសង្គមវិញ មិនមែនតែគ្រឿងញៀននោះទេ សូម្បីតែអំពើឆបោកតាមអនឡាញ និងការលាយលុយកខ្វក់ ក៏សម្បូរច្រើនស្អេកស្កះដូចសម្បុកពីងពាងដែរ។ បើតាមដានព័ត៌មានថៃ គេនឹងឃើញមានករណីបង្ក្រាបបទល្មើសទាំងនេះ ជាប់ជាប្រចាំនៅប្រទេសថៃ៕








