
ក្រុងស្ទឹងសែន៖ លៀសស្រស់ជាង៤តោន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលជលផល ចាក់លែងចូលទៅក្នុងដែនទឹកបឹងទន្លេសាបវិញ ជាបន្តបន្ទាប់ ក្រោយបង្ក្រាបបានក្នុងប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ...។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់ខាងមុខបាឡត ក្នុងឃុំពាមបាង ស្រុកស្ទោង ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធ ក្នុងគោលបំណងការពារ និងអភិរក្សធនធានជលផលឱ្យបានគង់វង្ស។ ក្នុងនោះ សមត្ថកិច្ចបានដកហូតលៀសដែលត្រូវបានក្រុមខិលខូចប្រមូលដោយខុសច្បាប់ ព្រមទាំងដកហូតឧបករណ៍នេសាទដែលច្បាប់ហាមឃាត់មួយចំនួនទៀត។

បន្ទាប់ពីការដកហូត ក្រុមការងារជំនាញបានដឹកជញ្ជូនលៀសទាំងនោះ ទៅចាក់លែងចូលទៅក្នុងជម្រកធម្មជាតិនៃបឹងទន្លេសាបវិញភ្លាមៗ ដើម្បីធានាឱ្យពួកវាអាចរស់រាន និងបន្តពូជ បង្កើនស្តុកជលផលក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិឡើងវិញ។ ជាមួយគ្នា អាជ្ញាធរមានសមត្ថកិច្ចក៏បានបញ្ជាក់ថា នឹងបន្តចាត់វិធានការម៉ឺងម៉ាត់លើសកម្មភាពនេសាទខុសច្បាប់គ្រប់រូបភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងអ្នកនេសាទទាំងអស់ ឱ្យចូលរួមគោរពច្បាប់ជលផល និងរាយការណ៍បន្ទាន់ ប្រសិនបើឃើញមានសកម្មភាពបទល្មើសនេសាទ កើតឡើងក្នុងដែនទឹកបឹងទន្លេសាប៕




