
រាជធានីភ្នំពេញ៖ ពីជំនួបទទួលអំណោយផ្ទាល់ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅខេត្តបាត់ដំបង លោក ប្រាក់ រ៉ន អាយុ៤៦ឆ្នាំ ត្រូវបាននាំមកទទួលការពិនិត្យ ព្យាបាល នឹងប្តូរគ្រាប់ភ្នែកសិប្បនិម្មិតខាងឆ្វេងថ្មី នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ...។

លោក ប្រាក់ រ៉ន ត្រូវបាននាំមកទទួលការព្យាបាលនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមការចាត់ចែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយប្រគល់ភារកិច្ចឱ្យក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បន្ទាប់ពីសម្តេចបានជួបសំណេះសំណាលដោយផ្ទាល់ ក្នុងឱកាសចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ក្រៅពី លោក ប្រាក់ រ៉ន អ្នកជំងឺ២នាក់ទៀតរួមមាន៖ លោក ណែម ភឿន អាយុ៥៧ឆ្នាំ និងលោក យិន ប៊ុនធឿន អាយុ៥៩ឆ្នាំ ក៏ត្រូវនាំមកពិនិត្យ និងព្យាបាលជំងឺដូចគ្នា។ ដោយ លោក ណែម ភឿន ត្រូវព្យាបាលជំងឺទឹកដក់ក្នុងភ្នែកទាំងសងខាងរ៉ាំរ៉ៃ នៅមន្ទីរពេទ្យព្រះអង្គឌួង។ ចំណែក លោក យិន ប៊ុនធឿន ត្រូវព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ សម្រាប់ការព្យាបាលនេះ រាល់ការចំណាយទាំងអស់ រួមមាន ថ្លៃព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ ត្រូវបានសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភទំនុកបម្រុងទាំងស្រុង ដើម្បីជួយសម្រួលដល់ការលំបាករបស់អ្នកជំងឺ ក្នុងការទទួលបានសេវាព្យាបាលសុខភាព៕



