
រាជធានីភ្នំពេញ៖ ការទិញគេហដ្ឋាននៅ បុរី មេគង្គ លែន កាន់តែមានភាពងាយស្រួល និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារ។ ធនាគារ វីង (ខេមបូឌា) ម.ក និង បុរី មេគង្គ លែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងផ្តល់សេវាហិរញ្ញប្បទានគេហដ្ឋាន សេវាទូទាត់ប្រាក់លើអចលនទ្រព្យ និងសេវាធនាគារសម្រាប់អតិថិជន និងអាជីវកម្ម។

តាមរយៈកិច្ចសហការនេះ អតិថិជនដែលមានបំណងទិញគេហដ្ឋាននៅ បុរី មេគង្គ លែន អាចទទួលបានសេវាឥណទានគេហដ្ឋានពីធនាគារ វីង ដោយមានអ្នកគ្រប់គ្រងទំនាក់ទំនងអតិថិជនផ្តល់ការប្រឹក្សា និងណែនាំអំពីជម្រើសហិរញ្ញប្បទាន។ ជាមួយគ្នានេះ បុគ្គលិក និងអតិថិជនធនាគារ វីង នឹងទទួលបានការផ្ដល់ជូនពិសេសជាបណ្ណសាច់ប្រាក់ពី បុរី មេគង្គ លែន ដែលមានតម្លៃចាប់ពី ១០.០០០ដុល្លារ ដល់ ១០០.០០០ដុល្លារអាម៉េរិក សម្រាប់គេហដ្ឋាននីមួយៗ អាស្រ័យទៅតាមប្រភេទគេហដ្ឋានដែលអតិថិជនជ្រើសរើស។ លើសពីនេះ កិច្ចសហការនេះក៏នឹងជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់ឱ្យកាន់តែមានភាពងាយស្រួល តាមរយៈប្រព័ន្ធឌីជីថល សម្រាប់ការបង់ប្រាក់កក់ និងការបង់ប្រាក់រំលស់ប្រចាំខែ។ ចំពោះបណ្តាញអាជីវកម្មរបស់ បុរី មេគង្គ លែន កិច្ចសហការនេះក៏ជួយសម្រួលទៅលើសេវាបើកប្រាក់បៀវត្សរ៍ សេវាប្រាក់បញ្ញើ ឥណទានដើមទុនបង្វិល និងសេវាហិរញ្ញប្បទានពាណិជ្ជកម្មផងដែរ។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «ការទិញគេហដ្ឋានមួយ តម្រូវឱ្យមានការរៀបចំផែនការ និងការសន្សំប្រាក់អស់រយៈពេលជាច្រើនឆ្នាំ។ ភាពជាដៃគូរវាងធនាគារ វីង និង បុរី មេគង្គ លែន នឹងផ្តល់លទ្ធភាពឱ្យអតិថិជនទទួលបានសេវាហិរញ្ញប្បទានគេហដ្ឋាន នៅពេលដែលពួកគាត់ត្រៀមខ្លួនរួចរាល់ក្នុងការទិញគេហដ្ឋាន។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ បុរី មេគង្គ លែន ដែលបានផ្ដល់ជូននូវអត្ថប្រយោជន៍ពិសេសសម្រាប់បុគ្គលិក និងអតិថិជនរបស់ធនាគារ វីង ផងដែរ»។

លោកជំទាវ ហេង ចិន្ដា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេ អិន អិន គ្រុប បានមានប្រសាសន៍ថា៖ «យើងខ្ញុំជឿជាក់ថា គេហដ្ឋានដ៏ល្អមួយ គឺជាផ្នែកដ៏សំខាន់នៃជីវិតគ្រួសារ។ បុរី មេគង្គ លែន តែងតែផ្តោតលើការអភិវឌ្ឍគេហដ្ឋានប្រកបដោយគុណភាព ជាមួយការរចនាលំហប្រើប្រាស់ដែលគិតគូរដល់តម្រូវការរស់នៅ និងបរិយាកាសរស់នៅប្រកបដោយផាសុកភាព។ យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយធនាគារ វីង ដែលនឹងផ្តល់ជម្រើសហិរញ្ញវត្ថុកាន់តែសម្បូរបែប និងភាពបត់បែនជូនដល់អតិថិជនក្នុងការទិញគេហដ្ឋានដើម្បីបម្រើដល់គ្រួសារកម្ពុជាឱ្យកាន់តែប្រសើរឡើង»។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង, អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេ អិន អិន គ្រុប និងលោកជំទាវ ហេង ចិន្ដា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេ អិន អិន គ្រុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុបដែលមាន ៣ គម្រោងដូចជា៖ ១.«ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២.«ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣.«មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចម្បង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្មសំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

ធនាគារ វីង គឺជាធនាគារពាណិជ្ជដែលមានម្ចាស់កម្មសិទ្ធិជាជនជាតិខ្មែរ ១០០ភាគរយ និងមានបទពិសោធប្រតិបត្តិការជាង ១៨ឆ្នាំ។ ធនាគារនេះស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំង ៥ នៅកម្ពុជា បើគិតតាមទំហំទ្រព្យសកម្ម។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ សេវាឥណទានឌីជីថលរបស់ធនាគារ វីង បានផ្តល់សេវាដល់អតិថិជនប្រមាណ ១,៧លាននាក់ ជាមួយទំហំឥណទានដែលបានបញ្ចេញសរុបប្រមាណ ៣៤៩លានដុល្លារអាម៉េរិក។ រាល់ការសន្សំប្រាក់ និងការទូទាត់សងឥណទានតាមរយៈធនាគារ វីង សុទ្ធតែអាចរួមចំណែកក្នុងការកសាងប្រវត្តិហិរញ្ញវត្ថុ ដែលអាចគាំទ្រដល់ការស្នើសុំឥណទានគេហដ្ឋាននាពេលអនាគត។ គេហដ្ឋានក្នុងក្ដីស្រមៃបន្ទាប់របស់លោកអ្នក អាចស្ថិតនៅ បុរី មេគង្គ លែន។
សម្រាប់ព័ត៌មានបន្ថែម៖
· បុរី មេគង្គ លែន៖ ០៦១ ៩៥៥ ៩៩៩
· ជម្រើសឥណទាន ធនាគារ វីង៖ ០២៣ ៩៩៩ ៩៨៩








