
រាជធានីភ្នំពេញ៖ «សត្វត្រដក់ធំ» ដែលជាសត្វកម្រ និងកំពុងរងការគំរាមកំហែងជាសកល ត្រូវបានគេប្រទះឃើញ វិលត្រឡប់មកដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ សាជាថ្មី បន្ទាប់ពីអវត្តមាននៅតំបន់នេះ អស់រយៈពេលជិតមួយទសវត្សរ៍...។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រកាសដំណឹងល្អនេះ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ អង្គការដដែលបានឱ្យដឹងថា សត្វត្រដក់ធំចំនួន១០ក្បាល ប្រភេទជិតផុតពូជលើលោក ត្រូវបានក្រុមអង្កេតតាមដានជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា កត់ត្រាបានជាមួយសត្វត្រដក់តូចជាច្រើនក្បាល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ នេះជាដំណឹងដ៏រីករាយ និងបង្ហាញពីសារសំខាន់នៃគម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់ ក្នុងការការពារទីជម្រកព្រៃឈើដ៏សំខាន់ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងរួមចំណែកអភិរក្សាសត្វព្រៃ ដែលកំពុងរងការគំរាមកំហែងជាសកល។

ក្រៅពីដែនជម្រកសត្វព្រៃលំផាត់ កាលពីខែកក្កដាកន្លងទៅ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏ធ្លាប់បានកត់ត្រាវត្តមានសត្វត្រដក់ធំចំនួន៣ក្បាល ដែលបានវិលត្រឡប់ទៅកាន់តំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្នុងខេត្តតាកែវ។ សត្វត្រដក់ធំ គឺជាប្រភេទសត្វស្លាបដ៏កម្រ និងត្រូវបានអភិរក្សនៅកម្ពុជា។ មុនឆ្នាំ២០២៤ វាត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ។ ដោយសារកិច្ចខិតខំប្រឹងប្រែងអភិរក្សពីបណ្ដាប្រទេស ដែលមានវត្តមានសត្វនេះ ជាពិសេសប្រទេសកម្ពុជា ដែលមានតំបន់ពងកូនធំជាងគេនៅអាស៊ីអាគ្នេយ៍ ស្ថិតនៅតំបន់រ៉ាមសារព្រែកទាល់ ស្ថានភាពអភិរក្សរបស់វាត្រូវបានវាយតម្លៃឡើងវិញ ហើយបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាប្រភេទជិតរងគ្រោះ។ ទោះបីជាស្ថានភាពអភិរក្សរបស់វាត្រូវបានកែលម្អក៏ដោយ សត្វត្រដក់ធំនៅតែជាប្រភេទសត្វ ដែលត្រូវការការពារ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា ចំនួនរបស់វានឹងបន្តកើនឡើង៕




